យុវជនសប្បាយរីករាយ ក្នុងកម្មវិធីបោះជំរុំ នៅឧទ្យានជាតិគីរីរម្យ កំពង់ស្ពឺ
ភ្នំពេញ÷ ក្រុមយុវជនជើងឯកអាហារូបត្ថម្ភដោយ មានការចូលរួមពីយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តំណាងអង្គការ Helen Keller និងគម្រោង MESEFO នៃអង្គការ GIZ កាលពីថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២២ នេះបានធ្វើការបោះជំរុំយុវជននៅរមនីយដ្ឋានឧទ្យានជាតិគិរីរម្យ ដោយមានអ្នកចូលរួមជាង៣០នាក់។
កញ្ញា ឈុន បូរមី អ្នកសម្រប សម្រួលយុវជនជើងឯកអាហារូបត្ថម្ភមានប្រសាសន៍ថា ការបោះជំរុំយុវជននាពេលនេះមានគោលបំណងបួនសំខាន់គឺ: ១). បង្កើនការយល់ដឹងរបស់យុវជនជើងឯកអាហារូបត្ថម្ភស្តីពីជម្រើសនិងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព, ២) ប្រលងប្រណាំងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពដែលដាក់ពិន្ទុដោយចុងភៅជំនាញ, ៣). ផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើជម្រើសនិងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព, និង៤). ពិភាក្សាលើយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហានបន្ទាប់។
ជាការចាប់ផ្ដើមបើកកម្មវិធីបោះជំរុំនេះ លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller លោក អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ និង កញ្ញា ឈុន បូរមី អ្នកសម្រប សម្រួលយុវជនជើងឯកអាហារូបត្ថម្ភ ក៏មានចំណាប់អារម្មណ៍លើសារ:សំខាន់នៃការជួបជុំគ្នារបស់យុវជនយើងដើម្បីពិភាក្សាផ្លាស់ប្តូរ បទពិសោធន៏និងការអនុវត្តផ្ទាល់ក្នុងការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពបន្ទាប់ពីយុវជនយើងទទួលបានការបណ្តុះបណ្តាលអាហារូបត្ថម្ភនិងរបបអាហារសុខភាពកាលពីខែមករាកន្លងទៅនេះ។
លោក ហ៊ូ ក្រើន មានប្រសាសន៍ថា “ប្អូនទាំងអស់គ្នាបានយល់ពីសារៈសំខាន់នៃរបបអាហារសុខភាពដែលប្អូនៗបានទទួលការបណ្តុះបណ្តាលពេលកន្លងទៅ។ ថ្ងៃនេះប្អូនៗនឹងមានឱកាសបញ្ចេញស្នាដៃដោយផ្ទាល់ក្នុងការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពតាមរយ:ការប្រកួតប្រជែងគ្នាក្រោមការត្រួតពិនិត្យពីចុងភៅជំនាញរបស់យើង។ បន្តិចទៀតយើងនឹងឃើញថាតើប្អូនៗមានទេពកោសល្យប៉ុណ្ណាក្នុងការប្រើប្រាស់ចំណេះដឹងដែលបានទទួលកន្លងមកនិងនៅថ្ងៃនេះពីចុងភៅជំនាញរបស់យើងសម្រាប់ការអនុវត្តជាក់ស្តែង។ ខ្ញុំទន្ទឹងរង់ចាំមើលលទ្ធផលការប្រកួតប្រជែងនេះ”។ លោកស្រី វេជ្ជបណ្ឌិត Sanne Sigh អ្នកជំនាញអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការ GIZ និងលោក អ៊ុន សំអឿន តំណាងគម្រោង MESEFO នៃអង្គការ GIZ មានប្រសាសន៍ថា “យុវជនយើងនៅទីនេះពិតជាបានយល់ច្បាស់ហើយពីសារៈសំខាន់នៃរបបអាហារសុខភាពសម្រាប់លើកកម្ពស់សុខភាពនឹងការលូតលាស់ រាងកាយរបស់មនុស្សយើង។ ពេលនេះប្អូនៗនឹងបានរៀនបន្ថែមទៀតពីការបង្ហាញផ្ទាល់ពីចុងភៅជំនាញរបស់យើងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព។ សូមប្អូនៗសង្កេតមើលដោយយកចិត្តទុកដាក់លើគ្រឿងផ្សំនិងដំណើរការចម្អិនដើម្បីយកទៅអនុវត្តប្រកូតប្រជែងឲ្យបានជោគជ័យ។ ក្នុងនាមគម្រោង MUSEFO នៃអង្គការ GIZ ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗទាំងអស់ដើម្បីសួរសំនួរដល់ចុងភៅជំនាញក៏ដូចជារូបខ្ញុំផ្ទាល់ និងអ្នកជំនាញអាហារូបត្ថម្ភផ្សេងទៀតដែលនៅទីនេះអំពីរបៀបការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព និងសូមណែនាំចំណេះដឹងនេះដល់ក្រុមគ្រួសា មិត្តភក្តិដើម្បីបានអនុវត្តន៍ល្អនេះឲ្យបានល្អទាំងអស់គ្នា”។ បន្ទាប់មកចុងភៅពិសេសរបស់យើងបានធ្វើការបង្ហាញរបៀបធ្វើអាហារសុខភាពបីមុខគឺ សម្លរកកូរ សម្លរម្ជូរស្រែ និងឆាបន្លែគ្រប់មុខ ដោយបានធ្វើការពន្យល់យ៉ាងល្អិតល្អន់លើគ្រឿងផ្សំ សម្ភារៈចម្អិនត្រូវការ និងដំណើរការមុនពេល កំឡុងពេល និងក្រោយពេលចម្អិនម្ហូបសម្រាប់អាហារសុខភាព។ ការផ្តល់ពិន្ទុការប្រកួតរៀបចំចម្អិនអាហារសុខភាពនេះផ្តោតលើ ការរៀបចំមុនពេលចម្អិន ការធ្វើការជាក្រុម រសជាតិអាហារ ភាពប៉ិនប្រសប់ក្នុងការឆ្នៃប្រឌិត អនាម័យ ទេពកោសល្យក្នុងការបង្ហាញមុខម្ហូបបន្ទាប់ពីចម្អិនរួច និងការរៀបចំសម្ភារៈទុកដាក់វិញ។ កំឡុងពេលការប្រកួតធ្វើអាហារសុខភាពនេះ មានការសង្កេតមើលយ៉ាងម៉ត់ចត់ពីចុងភៅពិសេសនិងគណ:កម្មការត្រួតពិនិត្យក្រោមបរិយាកាសសប្បាយ រីករាយ មិត្តភាព និងស្មារតីទទួលខុស ត្រូវខ្ពស់។
បន្ទាប់ពីកម្មវិធីធ្វើអាហារសុខភាពត្រូវបានបញ្ចប់មក ការភ្លក់មុខម្ហូបដែលជាស្នាដៃរបស់ក្រុមនិមួយៗត្រូវបានធ្វើឡើង។ ក្រុមយុវជននិមួយៗទទួលបានវត្ថុអនុស្សាវរីយ៍ពីកម្មវិធីដោយមានភាពសប្បាយរីករាយនិងចងចាំនូវបទពិសោធន៍ល្អៗក្នុងរយ:ពេលពីរថ្ងៃនៅហើយបានប្តេជ្ញាផ្សព្វផ្សាយសារគន្លឹះសំខាន់ៗនៃរបបអាហារសុខភាពដល់មិត្តភក្តិនិងគ្រួសារ។ ជាមួយគ្នានេះដែរ យុវជនជើង ឯកអាហារូបត្ថម្ភក៏បានធ្វើបទបង្ហាញលើបទពិសោធន៍ បញ្ហាប្រឈម និងផែនការបន្តក្នុងកម្មវិធីមិត្តអប់រំមិត្តលើរបបអាហារសុខភាពដោយមានការផ្តាតលើការប្រមូលមិត្តយុវជននិងពលរដ្ធផ្សេងទៀតក្នុងចូលរួមវគ្គមិត្តអប់រំមិត្ត ដំណើរការរៀបចំវគ្គអប់រំមិត្ត ការប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់មិត្តអប់រំមិត្ត ការសម្របសម្រួលវគ្គមិត្តអប់រំមិត្ត ការធ្វើតេសសាកល្បងជាដើម ៕ សំរិត