ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

40

 

ភ្នំពេញ ៖ ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ាណែត បានសូមអរគុណដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ក្នុងន័យនេះ ការចូលរួមអនុវត្តការងាររបស់មន្ត្រីបក្សនៅមូលដ្ឋាន គឺជាកត្តាកំណត់មួយនៃជោគជ័យរបស់គណបក្សទាំងក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឈានទៅរក្សាប្រៀបឈ្នះនៅក្នុងគ្រប់ការបោះឆ្នោតបន្តទៅមុខទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ អ្វីដែលសំខាន់បំផុតសម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។ យុវភាព ជាដំណាក់កាលមួយ នៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។ ក្នុងន័យនេះ ដើម្បីឱ្យលទ្ធភាពនៃជោគជ័យនេះ មានលក្ខណៈប្រាកដនិយម គឺចាំបាច់ណាស់ដែលយុវជនត្រូវធ្វើការសម្រេចចិត្តដោយផ្សារភ្ជាប់ក្តីស្រម៉ៃនោះ ទៅនឹងស្ថានភាពជាក់ស្តែង តាមរយៈការពិចារណាល្អិតល្អន់ស៊ីជម្រៅអំពីអតីតកាល និងបច្ចុប្បន្នកាល ដើម្បីជ្រើសរើសអនាគតមួយឱ្យបានត្រឹមត្រូវ ចៀសវាងការសម្រេចចិត្តធ្វើអ្វីមួយដែលហួសពីលទ្ធភាព និងសមត្ថភាពពិតរបស់យើង។

ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវចងចាំផងដែរថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាព, ស្ថិរភាព និងការទទួលបានឱកាស។ នេះ គឺជាអ្វីដែលគណបក្សយើងឱ្យតម្លៃបំផុត និងពុះពារប្តេជ្ញាថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះជាស្នាដៃដែលគណបក្សខិតខំស្វែងរក និងសម្រេចបានដោយលំបាកបំផុត។

ឯកឧត្តម ហ៊ុន ម៉ាណែត សន្តិភាព៖ សន្តិភាពពេញលេញ ដែលទទួលបានក្រោមជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាននៃការសម្រេចបាននូវសមិទ្ធផលជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, រដ្ឋបាលសាធារណៈ, សង្គម, សេដ្ឋកិច្ច, ការទូត ។ល។ ជាពិសេស សន្តិភាពផ្លូវកាយ ក៏បានចូលរួមចំណែកផងដែរនូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និងការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ។

ឯកឧត្តម ហ៊ុន ម៉ាណែត ស្ថិរភាព៖ សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។ ដូច្នេះ ជាមួយនឹងអំណោយផលនៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខរបស់ប្រទេសយើងមានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ាណែត ៖ មានន័យថា ជាលទ្ធភាពក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីអភិវឌ្ឍខ្លួនឯង, ជួយទំនុកបម្រុងគ្រួសារ និងចូលរួមក្នុងដំណើរការកសាងជាតិ។ ក្នុងដំណាក់សង្គ្រាម យុវជន រួមទាំងកុមារផងបានបាត់បង់ឱកាសទាំងស្រុង និងគ្មានជម្រើសអ្វីក្រៅពីការទ្រាំរស់នៅក្នុងវិនាសកម្មដោយក្តីអស់សង្ឃឹម។ ប៉ុន្តែ បច្ចុប្បន្ននេះ យើងទាំងអស់គ្នា មានឱកាសគ្រប់បែបយ៉ាង ទាំងឱកាសរៀនសូត្រ, ឱកាសការងារ និងការបង្កលក្ខណៈគ្រប់បែបយ៉ាង ក្នុងគោលបំណងតែមួយគត់ គឺការធានាបាននូវអនាគតមួយពិតប្រាកដ និងល្អប្រសើរសម្រាប់គ្រប់គ្នា៕

       

អត្ថបទដែលជាប់ទាក់ទង