ចិនមាននាវាដឹកយន្តហោះចម្បាំងពីរគ្រឿង , វិស្វកម្មផលិតសព្វាវុធចិន កំពុងតែបង្កើន ការផលិតយន្តហោះថ្មីៗ បន្ថែម ដើម្បីបំពាក់លើ នាវាដឹកយន្តហោះចម្បាំងទាំងពីរ
(ម៉ូស្គូ)៖ នាវាដឹកយន្តហោះចម្បាំងរបស់ចិនទីពីរ និងជាផលិតផលដំបូងផលិតដោយដៃចិននោះ នឹងត្រូវដាក់ឲ្យដំណើរការនៅពេលប៉ុន្មានខែខាងមុខនេះហើយ ជាមួយនឹងនាវាចម្បាំងដែលមានស្រាប់នោះគឺ Liaoning ប៉ុន្តែប្រឈមមួយដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺកងទ័ពចិនមិនទាន់មានយន្តហោះចម្បាំងគ្រប់គ្រាន់ ដើម្បីដាក់ពង្រាយនៅលើនាវានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
នាវាដឹកយន្តហោះចម្បាំងទី ២ គឺត្រូវបានគេស្គាល់ឈ្មោះថា 001A នឹងត្រូវដាក់ឲ្យដំណើរការជាមួយនឹងនាវា Liaoning ដែលអាចផ្ទុកយន្តហោះចម្បាំងរហូតដល់ទៅ ៤០គ្រឿង ហើយយន្តហោះចម្បាំងដែលសក្តិសម នៅក្នុងការធ្វើប្រតិបត្តិការនៅលើនាវាទាំងពីរគ្រឿងនេះ គឺត្រូវតែជាប្រភេទយន្តហោះដែលងាយស្រួលបត់បែនផ្នែកកន្ទុយ ។
បច្ចុប្បន្ននេះនាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning មានផ្ទុកយន្តហោះចម្បាំងប្រកបដោយសមត្ថភាពគ្រប់គ្រាន់ប្រភេទ J-15 របស់ខ្លួនតែម្តង ២៦គ្រឿងប៉ុណ្ណោះ ខណៈដែលនាវា 001A ដែលនឹងចេញល្បាតលើកដំបូងនៅប៉ុន្មានខែខាងមុខនេះ គឺនៅមិនទាន់ដឹងថា តើកងទ័ពរំដោះប្រជាជនចិន (PLA) នឹងប្រើប្រាស់វិធីសាស្ត្រ ឬមួយក៏ការដោះស្រាយចំនួនយន្តហោះយ៉ាងណា ដើម្បីពង្រាយឲ្យបានសម នៅលើនាវាដ៏ថ្មីសន្លាងនេះឡើយ។
បើតាមការបញ្ជាក់ពី PLA បច្ចុប្បន្នចិន មានយន្តហោះប្រភេទ J-15s រហូតដល់ទៅ ៤០គ្រឿង ដើម្បីបំពេញការដាក់ពង្រាយ ប៉ុន្តែវានៅតែមិនគ្រប់ដដែល។ គួរបញ្ជាក់ថា បើតាមព័ត៌មានកន្លងទៅនេះ វិស្វកម្មផលិតសព្វាវុធចិន កំពុងតែបង្កើតល្បឿននៅក្នុងការផលិតយន្តហោះថ្មីៗ បន្ថែម ដើម្បីឲ្យសក្តិសមទៅនឹងនាវាដឹកយន្តហោះចម្បាំងទាំងពីររបស់ខ្លួន ដែលអាចនឹងសម្រេចបានយ៉ាងហោចនៅចុងឆ្នាំ២០១៨ ឬក៏អាចទាន់ដាក់សម្ពោធនាវាផ្ទុកយន្តហោះចម្បាំងទីពីរ៕