ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ ៤៣ឆ្នាំនេះ មនុស្សចាស់មាន គុណសម្បត្តិយ៉ាងច្រើន សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេស អោយរីកចម្រើនរហូតមកដល់សព្វថ្ងៃ

38

ភ្នំពេញ៖ មនុស្សចាស់ ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាអោយរីកចម្រើនរហូតមកដល់សព្វថ្ងៃ
។ នេះជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។
នេះប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការដើម្បីមនុស្សចាស់រាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលនិងផ្តល់អំណោយជូនមនុស្សចាស់ជាង៥០០នាក់នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការស្រឡាញ់មនុស្សចាស់ជរាគឺជាប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ។ សម្ដេចតេជោហ៊ុនសែននិងសម្ដេចគត្តិ
ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេរតែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ជាដរាបរៀងមក ។ ជាក់ស្ដែងនៅក្នុងពេលនេះ សម្ដេចទាំងទ្វេ នូវបានឧបត្ថម្ភនូវស្បៀងអាហារ និងថវិកាមួយចំនួនដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញ
ចំនួន៥២៥នាក់ ដោយក្នុងម្នាក់បានទទួលអង្ករ មី ត្រីខ ប្រេងឆានិងថវិកាចំនួន៥ម៉ឺនរៀល។
លោកឃួង ស្រេង បានបន្តទៀតថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន «ក្មេងជាអ្នកមានកំលាំង ចំណែក មនុស្សចាស់ជាអ្នកស្គាល់ផ្លូវ» ការរួមគ្នាប្រាប់ផ្លូវដើម្បីឲ្យ ក្មេងៗជំនាន់ក្រោយដើរ លើផ្លូវដែលរៀបចំដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន ខ្លាំងក្លាថែមទៀត។
លោកឃួង ស្រេង បានសូមឱ្យបងប្អូនទាំងអស់រួមគ្នារក្សាសន្តិភាពអោយបានគង់វង់ ដើម្បីអោយកម្ពុជាបន្តមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។លោកបញ្ជាក់ថា សង្គ្រាមវានឹងបង្កភាពហិនហោចឲ្យប្រទេសជាតិ ដូច្នេះយើងត្រូវតែរួមគ្នារក្សាសន្តិភាពដែលបានមកដោយកម្រនេះឲ្យបានគង់វង្សរហូតតទៅ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង១៤ មានសមាជិកចូលរួម ២១,២១៣នាក់ (ស្រី ១៣,១៧១ នាក់) ។ ទទួលបានការគាំទ្រថវិការ និងសម្ភារៈគ្រឿងឧបភោគបរិភោគពីលោកឃួង ស្រេង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត   ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ០២ លើក សរុបសមាជិកសមាគមមនុស្សចាស់ ចំនួន ១.៣៦៥នាក់ ចំណាយថវិការសរុបចំនួន ១៣២,៧២០,០០០រៀល និងសម្ភារៈមួយចំនួន។ បានទទួលអំណោយឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមតាមបណ្តាលខណ្ឌ ទាំង១៤ សរុបចំនួន២៤លើក មានសមាជិកសមាគម ១.២០០នាក់ (ស្រី៤២០នាក់)។ បានឧបត្ថម្ភ ថវិកាដល់គ្រួសារសមាជិកសមាគមដែលបានទទួលមរណភាពចំនួន២៩២សព សរុបចំនួន៧៣,០០០,០០០រៀល ។បានចុះសួរសុខទុក្ខសមាជិកសមាគមដែលមានជំងឺជួបការលំបាក ចំនួន២៦២លើក ឧបត្ថម្ភថវិកា សរុបចំនួន ២៥,៣៦០,០០០រៀល។ បាននាំយកអំណោយជាថវិកានិងសម្ភារៈដ៏ថ្លៃថ្លា របស់លោកឃួង ស្រេង ជូនសមាជិកដល់សមាគមមនុស្សចាស់ ក្រីក្រជួបការលំបាក ចំនួន១២១នាក់ ក្នុងកំឡុងពេលបិទខ្ទប់។
មនុស្សវ័យចាស់ក្នុងគ្រួសារសរុបចំនួន២០,១៩២នាក់ ទទួលបានបានជំនួយឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងប្រយុទ្ធប្រឆាំងកូវីដ-១៩ (តាមរយៈប័ណ្ណសមធម៌ក្រីក្រ ក្រ១ និងក្រ២)។
លោកស្រីបន្តថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់គិតគូរ សុខទុក្ខនិងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សវ័យចាស់ទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ  ធ្វើយ៉ាងណាឱ្យមនុស្សវ័យចាស់ទទួលបាននូវភាពសុខដុមរមនា នឹងមិនបោះបង់ចោលឡើយ៕

អត្ថបទដែលជាប់ទាក់ទង