ឃាត់ជនសង្ស័យ២នាក់ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅចំណុចផ្លូវលេខ១ ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើ លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការអនុវត្តន៍ និងដាយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសខាងលើ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ១-ឈ្មោះ ហេង កូរ៉ាត់ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ២-ឈ្មោះ គិញ ពិទូ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិបង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងរឹបអូសបានវត្ថុតាងរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួនៈ ១កូនថង់កិប ស្មើ ២,៣៨ក្រាម ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ទូរស័ព្ទដៃ ចំនួន ២គ្រឿង នាឡិកាដៃ ចំនួន ២គ្រឿង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្ថែមថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ (ហេង កូរ៉ាត់) បានសារភាពថា ៖ ខ្លួនបានជួញដូរសារធាតុញៀននេះ មួយរយៈមកហើយ ដោយទិញពីមនុស្សម្នាក់(មិនស្គាល់ឈ្មោះ) ដើម្បីយកមកចែកចាយបន្ត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។