ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក នៅព្រឹក ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ ។
នៅព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.), លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រ ភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ (Boston Consulting Group-BCG) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។
ក្នុងរយៈពេលចុងក្រោយនេះ, វិស័យយានយន្ត និងវិស័យអេឡិចត្រូនិកនៅកម្ពុជា មានភាពរីកចម្រើនគួរ ឱ្យកត់សម្គាល់ ។ ជាមួយគ្នានេះ, ដោយផ្អែកលើលទ្ធភាព និងសក្ដានុពលជាក់ស្តែង,ក្រៅពីវិស័យផ្សេងទៀត រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព ដែលមានសក្តានុ ពលសម្រាប់ជំរុញការចូលរួមរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងជាពិសេសចូលរួមស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគ៌ាដែល បានដាក់ចេញក្នុង “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» ។ តាមរយៈនេះ, ក្រុមការងារអន្តរក្រសួង-ស្ថាប័ន បានសហការជាមួយការិយាល័យបរទេស, សហធនរដ្ឋ និងការអភិវឌ្ឍ (Foreign, Commonwealth and Development Office – FCDO) នៃចក្រភពអង់គ្លេស និង ក្រុមហ៊ុន BCG ក្នុងការអនុ-វត្តកម្មវិធីពន្លឿនការគាំ ទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated Covid-19 Economic Support – ACES) សំដៅ ជំរុញ និងលើកកម្ពស់វិស័យទាំងពីរបន្ថែមទៀត ។ ជាលទ្ធផល, ឯកសារចំនួនពីរត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួតផ្ដើម សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអ ឡិចត្រូនិក ដែលក្នុងនោះរួមមាន៖
១). “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត ” មានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជាទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល និង ជាពិសេសប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Components / Manu facturing Hub) ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្តដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន។
២). “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិក” មានគោលបំណងប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ, ផលិតគ្រឿងបង្គុំពាក់កណ្ដាលសម្រេច(Sub-assembled Products) និងផលិតផល សម្រេច (Fully Asserbled Products) ដើម្បីបម្រើទីផ្សារនាំចេញក្នុងតំបន់ និងពិភពលោក ។
នៅចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអង់គ្លេសដែលបានពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយកម្ពុជា និងបានផ្តល់ជាជំនួយដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងបានផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំ និងអនុវត្តកម្មវិធី ACES ដែលបានលោកជំទាវឯកអគ្គរាជទូត Tina Redshaw ជាតំណាង ។
ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមការងារអន្តរ ក្រសួង-ស្ថាប័ន និងក្រុមហ៊ុន BCG ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងល្អប្រសើរ ក្នុងការ រៀបចំផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះឡើង និងបានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់កិច្ចសហការ ជាមួយក្រុមហ៊ុន BCG និងកែសម្រួលសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ស្របតាមស្មារតីនៃអង្គប្រជុំ ប្រកបដោយ គុណភាព និងគ្រប់ជ្រុងជ្រោយ មុននឹងបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ៕