ផ្តន្ទាទោសស្ត្រីជាតិថៃម្នាក់ ដាក់ពន្ធនាគារ ២៧ឆ្នាំ និងបុរសចិនម្នាក់ ដាក់ពន្ធនាគារ៥ឆ្នាំ ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ២គីឡូក្រាម
ភ្នំពេញ៖ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបើកសវនាការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទស្ត្រីជនជាតិថៃម្នាក់ ដាក់ពន្ធនាគារ ២៥ឆ្នាំ និងបុរសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ៥ឆ្នាំ ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀនចំនួន២គីឡូក្រាម។
ចំណែកជនជាប់ចោទចំនួន ២នាក់ទៀត ដែលរត់គេចខ្លួន ក៏ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន ៣០ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ១០០លានរៀល បង់ចូលថវិការដ្ឋ និងបានចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួនលើជនជាប់ចោទទាំង២នាក់ខាងលើយកមកអនុវត្តទោស។
ជនជាប់ចោទទី១៖ ឈ្មោះ អ៉ី យឹកស៉ឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ចំនួន៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល បង់ចូលថវិការដ្ឋ។
និងទី២៖ ឈ្មោះ កេតសៃ យ៉ាវវ៉ាឡាក់ ហៅ ប៊ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារកំណត់ចំនួន ២៧ឆ្នាំ ពិន័យជាប្រាក់ចំនួន ៧០លានរៀល បង់ចូលថវិការដ្ឋ។
អ្នកទាំង៤នាក់ត្រូវបានតំណាងអយ្យការរចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២គីឡូ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ហើយជនជនជាប់ចោទចំនួន២នាក់ ត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅពន្ធនាគារព្រៃស (ម១) និង (ម២)៕