ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២

69

 

ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការតាមដានការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស, ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២ ដូចខាងក្រោមរួមមាន ៖

១) បាតុភូតសកល ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែកក្កដា ទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់) មាន ៦០% និងបាតុភូត La Nina មាន ៤០%។ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ទទួលរងឥទ្ធិពលពីបាតុភូត Neutral មាន ៦០% បាតុភូត La Nina មាន ៣០% និងបាតុភូត El Nino មាន ១០%។

២) រដូវវស្សាឆ្នាំ២០២២

-ដើមរដូវវស្សា៖ រដូវវស្សាឆ្នាំ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់គួចរយៈពេលខ្លី (Squall) កើតមានច្រើន។

-ពាក់កណ្តាលរដូវវស្សា៖ ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេសជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើននឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ នៅពាក់កណ្តាលរដូវវស្សានេះនឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើនក្នុងនោះនឹងអាចបណ្តាលឱ្យបណ្តារាជធានី-ខេត្តមួយចំនួន ដែលមានភូមិសាស្រ្តជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹកប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។

-ចុងរដូវវស្សា៖ រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ។ នៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មធ្យម។

៣) កូនរដូវប្រាំង នៅក្នុងរដូវវស្សាឆ្នាំ២០២២នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ ប៉ុន្តែបរិមាណទឹកភ្លៀងអាចមានសភាពថមថយខ្លះ (អំឡុងចុងខែកក្កដា ឬដើមខែសីហា) តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

៤) ស្ថានភាពព្យុះ នៅក្នុងឆ្នាំ២០២២នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៦-២៨ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង