ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទីកកើតឡើងវិញ, កាំកុងត្រូល ប្តឹងទៅតុលាការ ឲ្យចាត់ការម្ចាស់ទីតាំង

172


តាកែវ៖ ការផលិតស្ករត្នោតក្លែងក្លាយ ដែលកែច្នៃចេញពីស្ករសនៅស្រុកបាទី ខេត្តតាកែវ កកើតឡើងវិញ។ ក្រោយទទួលបានព័ត៌មាននេះ សាខាកាំកុងត្រូលខេត្តតាកែវ កំលាំងសមត្ថកិច្ចជំនាញ បានដាក់កំលាំងសម្ងាត់ឃ្លាំមើលទីតាំងជាច្រើន ដែលធ្លាប់ផលិតស្ករត្នោតក្លែងក្លាយ នៅក្នុងស្រុកបាទី ដោយនៅរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ រួមជាមួយនិងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត មន្ទីរឧស្សហកម្មនិងសិប្បកម្មខេត្ត រួមជាមួយនិងអាជ្ញាធរស្រុក និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លាយនេះ ចំនួន ២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បាននិយាយថា ការចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាការអនុវត្តធម៌ក្តៅលើម្ចាស់សិប្បកម្មឥតច្បាប់ទាំងនោះ ដែលពួកគាត់នៅតែបន្តលួច ផលិតនៅប្រភេទស្ករត្នោតក្លែងក្លាយនេះ បើទោះបីជាពួកគាត់ធ្លាប់បានត្រូវ អាជ្ញាធរខេត្ត និងក្រុមមន្ត្រីជំនាញចុះមកធ្វើការអបរំណែនាំ អស់ជាច្រើនលើកច្រើនសារមកហើយក្តី តែម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងនោះ នូវតែមិនក្លាចញញឹតនឹងច្បាប់ ។ លោកប្រធានសាខាកាំកុងត្រូលខេត្តបានបន្តថា ក្រោយការចុះឆ្មក់ចាប់ទីតាំងផលិតស្ករក្លែងក្លាយខាងលើនេះរួច រូបលោកនិងដាក់ពាក្យបណ្តឹងប្តឹងទៅលើម្ចាស់ទីតាំងខាងលើ ទៅតុលាការ ដើម្បីឲ្យតុលាការចាត់ការ ម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនោះទៅតាមនីតិវិធី។
លោក ភួង ឈីម អភិបាលស្រុកបាទី បានអោយដឹងថា នៅក្នុងស្រុកបាទីនេះ គឺមានទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះចំនួន ៤៣ទីតាំង នៅឃុំចំនួន ៣ ហើយម្ចាស់ទីតាំងទាំង ៤៣នោះ គឺធ្លាប់បានធ្វើកិច្ចសន្យា បញ្ឈប់ការផលិតរួចមកហើយ និងទទួលបានការអបរំណែនាំពីមន្ត្រីជំនាញ អាជ្ញាធរស្រុក ជាច្រើនលើកច្រើនសារមកហើយដែរ ក៏ប៉ុន្តែមានតែម្ចាស់ទីតាំងមួយចំនួនតូចតែប៉ុណ្ណោះ ដែលស្តាប់និងអនុវត្តតាម ។ ដោយឡែកមកទល់ពេលនេះ គឺយើងទទួលបានដំណឹងថា មានទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះចំនួន ២៥ទីតាំង បានកើតឡើងវិញ និងលួចធ្វើសកម្មភាពឆក់កន្តៀត ផលិតស្ករត្នោតកែច្នៃចេញពីស្ករសនេះ ទើបយើងប្រើវិធីសាស្ត្រឆ្មក់ចាប់ទីតាំងខាងលើនេះតែម្តង ។

ក្នុងការឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយខាងលើ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុដកហូតនៅវត្ថុតាងជាច្រើន ដែលបង្កជាការផលិតឲ្យស្ករត្នោតក្លែងក្លាយនេះ រួមជាមួយនិងស្ករត្នោតក្លែងក្លាយ ដែលផលិតរួចនូវមិនទាន់ដឹកចេញចំនួន ៨ធុង ដោយក្នុងមួយធុងមានទម្ងន់ជាង ១០០គីឡូក្រាម ហើយវត្ថុតាងខាងលើត្រូវបានដឹកយកមករក្សាទុកនៅសាលាស្រុកបាទី ដើម្បីរង់ចាំការអនុវត្តច្បាប់បន្ត ៕

អត្ថបទដែលជាប់ទាក់ទង