សម្តេចក្រឡាហោម ជាអ្នករៀបចំផ្ទេរការឃុំខ្លួន លោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ
ភ្នំពេញ៖ ក្នុងពិធីជួបជុំ ជាមួយសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទីអាទិត្យ នៅខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា សម្តេចជាអ្នករៀបចំផ្ទេរការឃុំខ្លួន អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ ។
សម្តេចក្រឡាហោម បានថ្លែងថា ក្រមព្រហ្មទណ្ឌកម្ពុជា ពុំបានចែងអំពីការឃុំខ្លួននៅក្នុងផ្ទះនោះទេ ប៉ុន្តែ លោកថា រូបលោក និងមន្ត្រីក្រសួងមហាផ្ទៃដទៃទៀត បានជជែកគ្នា និងសម្រេចរៀបចំដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។
សម្តេច ស ខេង ថ្លែងបន្តទៀតថា លោកបានចាត់តាំងឲ្យមន្ដ្រីក្រសួងមហាផ្ទៃ ទៅចរចាជាមួយលោក កឹម សុខា ក្នុងពន្ធនាគារ និងប្រាប់ឲ្យចុះលេខាលើសេចក្ដីព្រាងលិខិតមួយ ដែលត្រូវបានដឹងថា លោក កឹម សុខា បានស្នើទៅអគ្គស្នងការនគរបាលជាតិ ឲ្យជួយការពារសន្តិសុខ និងសុវត្ថិភាពរូបលោកអំឡុងពេលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនេះ។ សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “អញ្ចឹងរឿង កឹម សុខា ឥឡូវនេះ យើងយកមកទុកនៅនឹងផ្ទះ។ ច្បាប់យើង ច្បាប់ព្រហ្មទណ្ឌហ្នឹងណា អត់អនុញ្ញាតឲ្យឃុំខ្លួននៅផ្ទះទេ អត់មានហេ។ គេថា ឃុំខ្លួននៅក្នុងដែនដីណាមួយជាកំណត់។ អញ្ចឹងធ្វើម៉េចអាលូវ? ចន្លោះដែរ អ្នកសរសេរច្បាប់ព្រហ្មទណ្ឌហ្នឹង អត់មានឃុំខ្លួននៅផ្ទះ។ ដល់អញ្ចឹង រកវិធី ខ្ញុំថា អាឡូវព្រាងឲ្យហើយទៅ ឲ្យ ប៉ាវ ហមផាន យកទៅព្រាងឲ្យហើយ កាន់ពីហ្នឹងទៅ ទៅដល់ចរចាជាមួយនឹង កឹម សុខា ខ្លួនឯង ព្រោះ ផាន ទៅយកម៉ោ។ ដល់ហើយសរសេរម៉ង សរសេរថា ដោយបញ្ហាសន្តិសុខអីអញ្ចឹងទៅ ខ្ញុំសូមស្នើអគ្គស្នងការនគរបាលជាតិ ជួយរៀបចំការពារសន្តិសុខ សវុត្ថិភាពសម្រាប់ខ្ញុំ។ យើងយកទៅ ផាន គេយកទៅចរចា ចរចា គេឯកភាព ឯកភាព ប៉ុន្តែ យើងអត់យកអាក្រដាសវ៉ៃពុម្ពហើយទៅទេ អក្សរហើយទៅទេ អូសពីកុំព្យូទ័រទៅទេ គឺឲ្យសរសេរដៃ”។
បន្ទាប់ពីលោកកឹម សុខា បានមកដល់ផ្ទះជួបជុំជាមួយគ្រួសារ ប៉ុន្តែលោកកឹម សុខា មិនបានជួបអ្នកគាំទ្ររបស់លោកទេ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រូបជាច្រើនសន្លឹកត្រូវបានចែកចាយពីការជួបជុំជាមួយសាច់ញាតិ ដោយក្នុងនោះ បណ្តាញសង្គមហ្វេសប៊ុក បានសរសេរថា ឆ្នាំងចាស់ បាយឆ្ងាញ់ ធម្មតាមាន់ថ្មី យើងក៏ថ្មី គេក៏ថ្មី គ្មានពេលអីមកដេកអោបខ្មោចយើងទេ !!! ខ្ញុំបាទសង្ឃឹមជឿជាក់ថាលោកពូ កឹម សុខា នឹងប្រើប្រាស់ជីវិតចុងក្រោយ ជាមួយអ្នកមីងខ្ញុំ ដើម្បីសាងគុណ សងទោស ដែលខុសកន្លងមក ចំពោះជាតិ ប្រជាជន នឹងនឹងក្រុមគ្រួសារ ។ រីឯបញ្ហា នយោបាយពូឈប់សម្រាកចុះ កុំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលមាត់ជ្រោះសង្រ្គាម ដែលអង្គាមដោយមហិច្ឆតាបរទេស ។ សំឡេងឆ្នោតប្រជារាស្រ្ត ឆ្នាំ២០១៨ បញ្ជាក់យ៉ាងច្បាស់ថា គេលែងត្រូវការពួករៀនយុទ្ធសាស្រ្តសង្រ្គាម ពីបរទេសហើយ គឺពួកគាត់ជឿជាក់លើការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំដ៏អស្ចារ្យ របស់ បិតា សន្តិភាព សម្ដេចតេជោ ហ៊ុនសែន។ ចំណែកលោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានសរសេរក្នុងបណ្តាញសង្គមថា ក្ដីសុខបំផុត ដែលមនុស្សគ្រប់គ្នាប្រាថ្នា ចង់នៅក្បែរម្ដាយ ។ ថ្ងៃនេះ លោកយាយ បានជួបនឹងលោកប្រធាន កឹម សុខា ដែលបែកគ្នាមួយឆ្នាំ មិនបានឃើញមុខកូន។ លោកយាយ អាយុ ៩០ ឆ្នាំហើយ ជូនពរលោកយាយ នឹងក្រុមគ្រួសារលោកពូ អោយជួបតែសំណាងល្អ។ ខ្ញុំពិតជាមានសេចក្តីរីករាយ និងរំភើបណាស់ ដែលបានឃើញ ឯកឧត្តម កឹម សុខា បានជួបជុំជាមួយអ្នកម្តាយជាទីគោរព និងភរិយា ជាទីស្រឡាញ់របស់លោក។
សូមគោរពជូនពរលោកយាយ និងលោកប្រធាន ព្រមទាំងអ្នកមីង មានសុខភាពល្អពេញបរិបូរណ៍ និងអាយុយឺនយូរ។
សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយដឹកចេញពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជាវៀតណាម មកផ្ទះរបស់លោកវិញ កាលពីវេលាម៉ោង៣ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយបញ្ហាសុខភាព៕