ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នយោបាយដែលត្រឹមត្រូវ គឺនយោបាយ ដែលផ្អែកលើផលប្រយោជន៍ជាតិ និងប្រជន និងការធ្វើអ្វីៗ ដែលគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ

35

 

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

យោងតាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង វត្តមុនីរតនប្បភា ហៅវត្តថ្មី បានចាប់ផ្ដើមកសាងឡើងលើផ្ទៃដីទំហំ១ម៉ឺន៥ពាន់ម៉ែត្រការ៉េ (បណ្ដោយ១៥០ម៉ែត្រ និងទទឹង១០០ម៉ែត្រ) និងផ្ដួចផ្ដើមដឹកនាំកសាងឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០០ ដោយព្រះចៅអធិការ និងអាចារ្យគណៈកម្មការ រួមទាំងពុទ្ធបរិស័ទបានកសាងសមិទ្ធផលជាបន្តបន្ទាប់។

ឯកឧត្តមបន្តថាសមិទ្ធផលទាំងនោះរួមមាន ការជាវដីមួយកន្លែងមានបណ្ដោយ១៥០ម៉ែត្រ ទទឹង១០០ម៉ែត្រ អស់ថវិកា៩លាន៤សែនរៀល, ពុទ្ធបរស័ទបានប្រគេនដីបណ្ដោយ៤០ម៉ែត្រ និងទទឹង២០ម៉ែត្រជូនវត្តធ្វើផ្លូវចូល, បានកសាងសាលាឆាន់មួយខ្នងអស់ថវិកាជាង៥២លានរៀល, រោងឧបោសថមួយខ្នងអស់ថវិកាជាង៤លានរៀល, កុដិមួយខ្នងអស់ថវិកាជាង៥៦លានរៀល, ចាក់ដី និងធ្វើរបងអស់ថវិកាជាង៧៤លាន និងបានជាវដីសាងសង់ព្រះវិហារអស់ថវិកា៤៥០០ដុល្លារ។

ឯកឧត្តមអភិបាលបន្ថែមថានៅឆ្នាំ២០១៥ វត្តមុនីរតនប្បភា ក៏បានចាប់ផ្ដើមកសាងព្រះវិហារដែលមានបណ្ដោយ១៩ម៉ែត្រ ទទឹង១១ម៉ែត្រ និងកម្ពស់១៤ម៉ែត្រ ដោយចំណាយថវិកាអស់ជាង៦០០លានរៀល ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ពេជ្រ ជីវ័ន និងលោកជំទាវ មន្រ្តីរាជការ អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយបានចូលរួមបរិច្ចាគទឹកប្រាក់ជាង៥០០លានរៀល ខណៈពេលនេះវត្តនៅជំពាក់ថ្លៃសំណង់ និងថវិកាជាង៩០លានរៀលទៀត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរចំពោះការរួមកម្លាំងសាមគ្គីគ្នាកសាងបាននូវសមិទ្ធផលក្នុងវត្តមុនីរតនប្បភា រួមទាំងព្រះវិហារ និងសមិទ្ធផលនានាជាគុណប្រយោជន៍នៃវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ។ សម្ដេចមានប្រសាសន៍ថាវត្តអារាមនិងព្រះសង្ឃ ពិតជាមានសារៈសំខាន់ក្នុងការអប់រំណែនាំឱ្យពុទ្ធបរិស័ទកសាងអំពើល្អ អំពើជាកុសល នាំឱ្យសង្គម ភូមិ ឃុំ ស្រុកមានសេចក្ដីសុខ។

សម្ដេចបានបន្ថែមថាការកសាងប្រទេស ជាពិសេសការរៀបចំឱ្យមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍនេះមិនអាចកាត់ផ្ដាច់បានពីគោលនយោបាយឬបន្ទាត់នយោបាយនៃអ្នកដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលនោះឡើយ។ សម្ដេចបន្ថែមថានយោបាយដែលត្រឹមត្រូវគឺនយោបាយដែលផ្អែកលើផលប្រយោជន៍ជាតិនិងប្រជន និងការធ្វើអ្វីៗដែលគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ។

សម្ដេចបានគូសបញ្ជាក់ក្នុងន័យដើមថា«យើងមិនអាចធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណាដែលធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះគឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ។ នេះជាសច្ចៈធម៌ដែលយើងមិនអាចប្រកែកបាន…។ សព្វថ្ងៃនេះដោយសារយើងបានរក្សានូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព»។

សម្ដេចនាយករដ្ឋមន្រ្តីស្ដីទីបានបន្តថារាជរដ្ឋាភិបាលនិងគណបក្ស ដែលមានតេជោជាប្រធានបន្តវេនពីថ្នាក់ដឹកនាំមុន និងជានាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ពង្រឹងសុខសន្តិភាព ស្ថិរភាព បង្កើតបានឱកាសសម្រាប់ការកសាងវត្ត សាលារៀន ផ្លូវ និងសមិទ្ធផលផ្សេងៗទៀតជាប្រយោជន៍របស់ប្រជាពលរដ្ឋដោយសម្ដេចបានបន្ថែមថា« បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ យើងតស៊ូដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង»។

នៅពេលមានប្រសាសន៍អំពីការខិតខំកសាងសមិទ្ធផល សម្ដេចក្រឡាហោម បានបន្តគូសបញ្ជាក់ជូនអង្គពិធីអំពីការប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនាស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមបានបន្តអំពាវនាវប្រជាពលរដ្ឋថែរក្សាការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងអញ្ជើញទៅទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមកាលកំណត់ដោយមន្រ្តីសុខាភិបាល។ សម្ដេចក៏បានសម្ដែងក្ដីសង្ឃឹមដែរថាតាមរយៈការចាក់វ៉ាក់សាំងបង្កើតបានភាពសាំក្នុងសហគមន៍កន្លងមកនេះនឹងធ្វើឱ្យស្ថានភាពកូវីដ-១៩ មិនប្រែលប្រួលជាអវិជ្ជមាននៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមឯកសារ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបានគ្រប់ៗគ្នាដើម្បីរួមចំណែកពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។ សម្ដេចក៏បានគូសបញ្ជាក់អំពីភាពវិជ្ជមាននៃដំណើរការឈានទៅកាន់ការរៀបចំការបោះឆ្នោតនៅខែមិថុនាខាងមុខ ដែលមកដល់ពេលនេះមិនមានអំពើហិង្សា ឬការគំរាមកំហែងណាមួយនោយឡើយ និងបានអំពាវនាវឱ្យគ្រប់ភាគីបន្តរក្សាបរិយកាសនេះរហូតដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។

សម្ដេចក្រឡាហោមនាយករដ្ឋមន្រ្តីស្ដីទី ក៏បានជម្រាបជូនអង្គពិធីផងដែរ អំពីដំណើរការប្រព្រឹត្តទៅនៃស្ថានប័នថ្នាក់ក្រោមជាតិ រួមមានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ និងការតែងតាំងថ្នាក់ដឹកនាំរដ្ឋបាលទាំងនោះ ព្រមទាំងបន្យល់ជូនងាយៗជូនអង្គពិធីអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីទាំងនោះ ទាំងមន្រ្តីដែលទទួលបានការតែងតាំងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតាមរយៈការបោះឆ្នោតរបស់ប្រជាជនទាំងផ្ទាល់ និងតាមរយៈតំណាងប្រជាជន។

សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានអំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ហើយទន្ទឹមគ្នានេះអាជ្ញាធរក៏ត្រូវបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ ចៀសវាងការបែងចែកក្រុម បក្សពួក ឬនិន្នាការនយោបាយ។ សម្ដេចក៏បានមានប្រសាសន៍សម្ដែងការចូលរួមមរណទុក្ខជាថ្មីទៀតជាមួយក្រុមគ្រួសារសពមន្រ្តីនគរបាលជាតិដែលបានពលីក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

សម្ដេចក្រឡាហោម ក៏បានមានប្រសសាន៍ប្រគេនព្រះតេជគុណ និងប្រជាពលរដ្ឋអំពីការសម្រេចប្រគេន និងជូនបច្ច័យសម្រាប់បង្គ្រប់ការចំណាយសាងសង់ព្រះវិហារនេះ។

បន្ទាប់ពីបញ្ចប់ប្រសាសន៍សំណេះសំណាល សម្ដេចក្រឡាហោម នាយករដ្ឋមន្រ្តីស្ដីទី បានអញ្ជើញប្រគល់ថវិកា និងអំណោយអនុស្សាវរិយ៍ជូនតំណាងអង្គពិធី និងបន្តអញ្ជើញប្រារព្ធកិច្ចបូជាទាន ធូប ផ្កាភ្ញី និងកាត់ខណ្ឌសីមាក្នុងព្រះវិហារវត្តមុនីរតនប្បភា ហៅវត្តថ្មី ទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរ ព្រមទាំងអញ្ជើញដាំកូនឈើជាអនុស្សាវរិយ៍នៃពីធីបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាកាសនេះ៕

អត្ថបទដែលជាប់ទាក់ទង