ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា ប្រាសាទអង្គរវត្ត និងប្រាសាទនានា នៅតំបន់អង្គរ

55

ខេត្តសៀមរាប៖ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូ បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទនានា នៅតំបន់អង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

ដំណើរអញ្ជើញមកដល់ទឹកដីអង្គរ ខេត្តសៀមរាប របស់ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូអមដំណើរដោយ​ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្គរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

សូមរំលឹកថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អំ បឺរឡា ( Om Birla) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា បានប្តេជ្ញារួមគ្នា នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទំាងក្នុងក្របខណ្ឌទ្វេភាគីនិងអន្តរជាតិ។ ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌា បានប្តេជ្ញាផងដែរ ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ នៃប្រទេសទំាងពីរឱ្យបានគ្រប់ជ្រុងជ្រោយឡើង។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងកំលុងពេលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អំ បឺរឡា នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អូម ប៊ើឡា ជាផ្លូវការយ៉ាងអធិកអធមជាទីបំផុត នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។
ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនិងការជួបសម្តែងការគួរសមជាមួយគ្នារួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម អំ បឺរឡា បានពិភាក្សាការងារទ្វេភាគីនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរក្នុងបរិយាកាសស្និទ្ធស្នាលជាទីបំផុត។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឥណ្ឌា បានសម្តែងក្តីសប្បាយរីករាយជាទីបំផុតចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ជាប្រវត្តិសាស្រ្តនៅក្នុងរយៈពេល៧០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយជាក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ សម្តេចបានបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានបើកស្ថានទូតនៅកម្ពុជានាឆ្នាំ១៩៨១។

សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌា អំពីការបន្តរក្សាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេលវែង ព្រមទំាងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ និងសកលលោក។ សម្តេចបានលើកឡើង ពីការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមនឹងវិធានការស្តារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩។

សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា ចាប់តាំងពីនីតិកាលទី១មក រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលលោក សំដៅរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង១០០ប្រទេសនៅលើសកលលោក ក្នុងនោះក៏មានរដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តម អំ បឺរឡា បានសម្តែងការគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា តាមរយៈការជួបសន្ទនាជាទៀងទាត់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឱ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា និងឥណ្ឌាកាន់តែស៊ីជម្រៅ។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌាបានឱ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងប្រទេសទំាងពីរ។ មានគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទំាងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាពេលខាងមុខ។ វត្តមានសម្តេចនៅប្រទេសឥណ្ឌាមានសារសំខាន់ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌាផងដែរ និងក្នុងឱកាសប្រទេសទំាងពីរប្រារព្ធខួបលើកទី៧០ នៃចំណងការទូត និងចំពេលដែលឥណ្ឌាប្រារព្ធខួបលើកទី៧៥ នៃទិវាឯករាជ្យជាតិ ក៏ដូចជាឱកាសម្ពោធអគាររដ្ឋសភាថ្មីផងដែរ។

សម្តេចអគ្គមមហាចក្រី ហេង សំរិន បានទទួលសំណើរបស់គណៈប្រតិភូសភាឥណ្ឌា។ ជាមួយគ្នាសម្តេចបានគោរពអញ្ជើញ គណៈប្រតិភូសភាឥណ្ឌាមកចូលរួមមហាសន្និបាតAIPA លើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ ក្នុងនាមជាសភាសង្កេតការណ៍។ សម្តេចបានស្នើសូមភាគីឥណ្ឌាពន្លឿនដល់ការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទំាងពីរ បន្តគំាទ្រការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់រដ្ឋាភិបាលឥណ្ឌា អនុវត្តការស្តារបេតិកភណ្ឌប្រាសាទបាយ័ន ព្រះវិហារ ដែលឥណ្ឌា ជាសហប្រធាន ICC ព្រះវិហារ នោះ។

ឯកឧត្តម អំ បឺរឡា បានទទួលសំណើរបស់សម្តេចប្រធានរដ្ឋសភា និងសន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេចតាមរយៈឯកអគ្គរដ្ឋទូតប្រចំានៅកម្ពុជា នាពេលក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង