សម្តេចតេជោ វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក
ជប៉ុន ៖ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៣ មេសានៅទីក្រុងគូម៉ាម៉ូតុ ( Kumamoto) ប្រទេសជប៉ុន។
សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សំណាងល្អនិងចៀសផុតពីជំងឺឆ្លងកូវីដ -១៩ និងបានសប្បាយរីករាយក្នុងថ្ងៃចុងសប្តាហ៍។
សូមជូនរូបថតមួយសន្លឹកពីជប៉ុន។
សូមរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។
កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព : ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។
ព្រះចៅអធិរាជជប៉ុន សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុចរដ្ឋាភិបាល នៃប្រទេសមួយចំនួន បានយាងនិងអញ្ជើញចូលរួមក្នុងប្រជុំកំពូលដ៏មានសារសំខាន់នេះ ដោយផ្ទាល់ និងប្រព័ន្ធវីដេអូអនឡាញ។ ទីក្រុងគូម៉ាម៉ូតូ គឺជាទីក្រុងធំទី១២ របស់ប្រទេសជប៉ុន មានផ្ទៃក្រឡាជាង ៣៩០គីឡូម៉ែក្រឡា និងមានប្រជាជនរស់នៅប្រមាណ ៧៣៧ពាន់៦៤០នាក់។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន កម្ពុជា ឡាវ ទូវ៉ាលូ នេប៉ាល់ រួមទាំងបណ្តារដ្ឋមន្រ្តី នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រះចៅអធិរាជជប៉ុន មានព្រះរាជបន្ទួលថា ទឹកពិតជាមានទំនាក់ទំនងខ្លាំងណាស់ សម្រាប់មនុស្សសត្វ ដែលរស់នៅលើភពផែនដីនៃលោកយើងនេះ។ ខេត្តគូម៉ាម៉ូតូ គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានភពទឹកក្រោមដីដ៏ល្អ សម្រាប់បម្រើមនុស្ស សត្វ ពិសេសការស្រោចស្របលើវិស័យកសិកម្ម។ កាលពីខែកក្កដាឆ្នាំ២០២០ តំបន់នេះគួម៉ាម៉ូតូ បានទទួលរងគ្រោះយ៉ាងខ្លាំងពីគ្រោះរញ្ជួយដី។ ព្រះអង្គសូមថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងថ្នាក់ដឹកនាំជប៉ុន ដែលខិតខំស្តារឡើងវិញ ក្រុងគួម៉ាម៉ូតូ ឲ្យមានសោភ័ណភាពស្រស់បំព្រង។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APWS) ត្រូវបានបង្កើតឡើងជាលើកដំបូង ក្នុងអំឡុងពេលវេទិកាទឹកពិភពលោក លើកទី៤ ដែលធ្វើឡើងនៅទីក្រុងម៉ិកស៊ិកកូ ប្រទេសម៉ិចស៊ិកកូ ក្នុងឆ្នាំ២០០៦ នៅពេលដែលអតីតនាយករដ្ឋមន្រ្តីជប៉ុន Ryutaro Hshimoto បានអំពាវនាវឲ្យមានការបង្កើតវទិកាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក(APWS) ជាវេទិកាមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វីក អំពីទស្សនទានស្តីអំពីទឹក។
នៅចំពោះមុខលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន, មេដឹកនាំរាជរដ្ឋាភិបាល និងអង្គការដៃគូពាក់ព័ន្ធច្រើនទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបង្ហាញនូវភាពប្រឈមមួយចំនួន ដែលបង្កវិនាសកម្មដល់ធនធានទឹក។ សម្តេចតេជោ បានលើកឡើងថា ធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងចំនួនប្រជាជន និងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹក។
សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖
១-បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។
២-បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។
៣-ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស៕