គុនដាវ៖ សាកល្បងសមត្ថភាព មន្ត្រីបច្ចេកទេស តាមរយៈការប្រកួត
ភ្នំពេញ៖សហព័ន្ធកីឡាគុនដាវកម្ពុជាបានរៀបចំការប្រកួតកីឡាគុនដាវដណ្ដើមពាន
រង្វាន់វេស្ទើនលើកទី២ឆ្នាំ២០២២ដែលការប្រកួតនេះមិនត្រឹមតែដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីប៉ុណ្ណោះទេតែជាការវាស់ស្ទង់នូវសមត្ថភាពមន្ត្រីបច្ចេកទេសរបស់ខ្លួនសម្រាប់
ឆ្នាំ២០២៣ទៀតផង ។
លោក ឃុត សៀង ប្រធានបច្ចេកទេស សហព័ន្ធកីឡាគុនដាវកម្ពុជាបាននិយាយថា
ឆ្នាំ២០២៣គឺជាឆ្នាំដ៏សំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមជាលើកដំបូងហេតុ
នេះមន្ត្រីបច្ចេកទេសត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរ៉ាប់រងចំពោះការប្រកួតដោយធានា
បាននូវយុត្តិធម៌ត្រឹមត្រូវ ។
បានលើកឡើងថា ក្រៅពីការពង្រឹងបច្ចេកទេសកីឡាករ កីឡាការិនី ការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើន លើកទី២ ឆ្នាំ២០២២ ក៏ជាការសាកល្បងសមត្ថភាពមន្រ្ដីបច្ចេកទេស អាជ្ញាកណ្ដាលរបស់សហព័ន្ធ ដើម្បីធានាការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ។
តាមរយៈការប្រកួតនេះសហព័ន្ធពិតជាបានមើលឃើញនូវចំណុចខ្វះខាតជាច្រើនដែល ត្រូវការដោះស្រាយនិងបំពេញបន្ថែមឱ្យបានឆាប់រហ័សបំផុត។ក្នុងឆ្នាំ២០២២នេះសហព័ន្ធក៏ត្រៀមការប្រកួត២ប្រភេទទៀតក្នុងត្រីមាសទី៣និងត្រីមាសទី៤ជាពិសេសការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិនាខែវិច្ឆិកាឆ្នាំ២០២២ដើម្បីបង្កើនបទពិសោធន៍និងពង្រឹងសមត្ថភាពរបស់មន្រ្ដីបច្ចេកទេសរបស់ខ្លួន និងការត្រួតពិនិត្យសម្ភារប្រកួតផងដែរ។
ដូច្នេះតាមរយៈការប្រកួតសំខាន់ៗទាំងនេះវានឹងជួយពង្រឹងបន្ថែមលើសមត្ថភាពបទពិសោធន៍ សម្រាប់មន្ត្រីបច្ចេកទេស ឲ្យកាន់តែមុតស្រួច សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។
លោកអះអាងទៀតថា ការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើន ឆ្នាំ២០២២នេះ មានគោលដៅបំផុសសកម្មភាពកីឡាគុនដាវតាមសាលារៀនគ្រប់កម្រិតសិក្សាស្របតាម
គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជននិងកីឡាដោយបានអនុវត្តតាមបទបញ្ជាបច្ចេកទេសប្រកួតគោលការណ៍Fair playបានយ៉ាងត្រឹមត្រូវហើយការប្រកួតបាន
បញ្ចប់ដោយសុវត្តិភាព ប្រកបដោយស្មារតីមិត្តភាព និងសាមគ្គីភាព។
ការប្រកួតនេះ អាចរៀបចំទៅបានដោយមានការជួយជ្រោមជ្រែងពីឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យវេស្ទើន លោក គួរ យ៉ាង ប្រធានចាត់ការទូទៅ នៃក្លឹបកីឡាឡុងហាយ និងគ្រូបង្វឹក កីឡាករ កីឡាការិនី ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ។
ជ័យលាភីក្នុងការប្រកួតនេះ រួមមាន៖ វិញ្ញាសាដាវធំឯកត្តជនបុរស៖ មេដាយមាស បានទៅកីឡាករ សុខ ចាន់ឫទ្ធី មកពីវិទ្យាល័យ ជាស៊ីម សាមគ្គី, មេដាយប្រាក់ កីឡាករ ខឿន ទីម៉ា មកពីវិទ្យាល័យ ឥន្ទ្រទេវី, មេដាយសំរឹទ្ធ កីឡាករ លាន ម៉ូសេ មកពីវិទ្យាល័យ ជាស៊ីម សាមគ្គី និងកីឡាករ ភារក្ស ភារិន មកពីក្លឹប Glory។ វិញ្ញាសារដាវធំឯកត្តជននារី មេដាយមាស បានទៅកីឡាការិនី រុំ ស្រីឡែន មកពីវិទ្យាល័យ ឥន្រ្ទទេវី, មេដាយប្រាក់ កីឡាការិនី ប៉ែន ណារីតា មកពីសាលាអន្ដរជាតិវេស្ទើន, មេដាយសំរឹទ្ធ កីឡាការិនី ប្រាក់ បញ្ញាទេវី មកពីសាលាអន្ដរជាតិ វេស្ទើន ៕