ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងថៃ បានរួមគ្នាផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ចំនួន១លាន ៧ម៉ឺននាក់

218


បាងកក៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានគណៈកម្មការ បានដឹកនាំគណៈប្រតិភូការងារកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ជាមួយឧត្តមសេនីយ៍ Po. Gen. ADULSANGSINGKEO រដ្ឋមន្ត្រីក្រសួងការងារប្រទេសថៃ។

បើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់និងធ្វើការនៅប្រទេសថៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បានជួបពិភាក្សាការងារជាមួយ លោក​ អាឌុល សាំងស៊ីងកែវ​ រដ្ឋមន្ត្រីក្រសួងការងារថៃ អំពីវឌ្ឍនភាព នៃការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ​ដែលកំពុងស្នាក់នៅ​ និងធ្វើការនៅប្រទេសថៃ​ ដោយភាគីទាំងពីរបានរួមគ្នាផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាចំនួន១លាន ៧ម៉ឺននាក់ក្នុងនោះ បានសហការគ្នាបញ្ជាក់អត្តសញ្ញាថ្មីជូនពលករកម្ពុជាដែលមានប័ណ្ណស៊ីជម្ពូ (ប័ណ្ណមិនមែនសញ្ជាតិថៃ) ដែលចេញដោយភាគីថៃ ដើម្បីយកទៅសុំភាពស្របច្បាប់ពីភាគីថៃ បានចំនួនប្រមាណ៤២ម៉ឺននាក់ ។ បានសហការគ្នាសម្រួលឯកសារ និងផ្តល់ភាពស្របច្បាប់ ដល់ពលករតាមរយៈ អនុស្សរណនៃការយោគយល់គ្នា បានចំនួនប្រមាណ៦៥ម៉ឺននាក់។ បានប្តេជ្ញានឹងបញ្ចប់ការបញ្ជាក់អត្តសញ្ញាណ ដល់ពលករកម្ពុជាចំនួនប្រមាណ ១ម៉ឺននាក់ទៀតឲ្យបានចប់មុខថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨។ ភាគីទាំងពីរបានឯកភាពអនុញ្ញាតឲ្យពលករកម្ពុជា មិនទាន់មានឯកសារក្រោយពេលបញ្ចប់យុទ្ធនាការនេះ អាចត្រឡប់ទៅកម្ពុជា ដើម្បីស្នើសុំធ្វើឯកសារស្របច្បាប់ហើយវិលត្រឡប់មកធ្វើការនៅប្រទេសថៃវិញ ជាពលករMoU។ ភាគីថៃនឹងសហការជាមួយភាគីកម្ពុជា ដោយភាពទន់ភ្លន់ ក្នុងករណីរកឃើញថាមានបងប្អូនពលករកម្ពុជា ដែលមិនទាន់មានឯកសារ ឬបាត់ឯកសារ ដោយសហការជូនដំណឹងមកស្ថានឯកអគ្គរាជទុតកម្ពុជា ប្រចាំប្រទេសថៃ និងទីប្រក្សាទទួលបន្ទុកពលករ ដើម្បីរួមគ្នាដោះស្រាយ និងចេញលិខិតបើកផ្លូវដើម្បីពលករទាំងនោះ បានវិលត្រឡប់មកកម្ពុជាវិញ។ ឯកភាពគ្នាបញ្ចប់យុទ្ធនាការជាស្ថាពរ ក្នុងការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ របស់គណកម្មការផ្តល់ភាពស្របច្បាប់ ចាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ ។ ជោគជ័យនៃយុទ្ធនាការនេះ គឺពិតជាបានផ្តល់ផលប្រយោជន៍ ដ៏ធំធេងចំពោះប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕

  

អត្ថបទដែលជាប់ទាក់ទង