ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករនិយោជិតរោងចក្រ ជីម លី យល់ព្រម បើកកំណាត់ផ្លូវជាតិលេខ៤ ឱ្យចរចរឡើងវិញហើយ

94

ភ្នំពេញ៖ នៅម៉ោង 12:30នាទី កន្លងទៅនេះ កម្មករនិយោជិតរោងចក្រ ជីម លី បានយល់ព្រមបើក កំណាត់ផ្លូវជាតិលេខ៤ ឱ្យចរចរឡើងវិញហើយ។

គួរបញ្ជាក់ ថា៖កម្មករ-កម្មការិនី រោងចក្រយីហោ «ជីម លី» ស្ថិតនៅក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញប្រមាណ៥០០នាក់ បាននិងកំពុងធ្វើការបិទផ្លូវជាតិលេខ៤ ទាំងស្រុង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងចំណោមកម្មករជាង២៥០០នាក់ ដោយពួកគេទាមទារឱ្យក្រសួងការងារដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែរោងចក្របានរត់ចោល និងមិនបើកប្រាក់ខែឱ្យចំនួន២ខែមកហើយ។

គួររំលឹកថា៖កាលពីនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ កម្មកររោងចក្រ «ជីម លី» ធ្លាប់បានផ្ទុះការតវ៉ាម្តងរួចមកហើយ ដោយទាមទារឱ្យជួយរកដំណោះស្រាយ ក្រោយពីរោងចក្រ ត្រូវបានចប់កុងត្រាជួលទីតាំង នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ដោយមិនបានទូទាត់លុយអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងលុយបំណាច់ឆ្នាំជាដើម។

បើតាមកម្មករ ការតវ៉ារបស់ពួកគេ បានកើតឡើងអស់រយៈពេលជិត១ខែមកហើយ នៅតែមិនដាច់ស្រេច ទើបពួកគេបានប្រមូលផ្តុំគ្នាធ្វើការតវ៉ាតែម្តង ដែលជម្រើចុងក្រោយ។

ក្រុមកម្មករបានឱ្យដឹងថា រោងចក្រខាងលើ ក្រោយពីប្តូរទីតាំងប្តូរឈ្មោះរោងចក្រ «ជីម លី» ឲ្យទៅជារោងចក្រ «ជី ជី» តែខាងក្រុមហ៊ុនមិនទាន់បានទូទាត់លុយអត្ថប្រយោជន៍ ជូនកម្មករនៅឡើយ ធ្វើឲ្យកម្មករ២៥០០នាក់ មិនសុខចិត្តនាំគ្នាតវ៉ាទាមទាររកលុយបំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ។

មន្ត្រីឱ្យដឹងថា៖សម្រាប់ការតវ៉ារហូតដល់បិទផ្លូវជាតិខាងលើនេះ បានធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ កំពុងតែធ្វើការសម្រួលចរាចរណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង