ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹកបាល់ទាត់នារី៖ សុខភាពល្អ និងគ្មានអ្នករងរបួសអម្លុងពេលហ្វឹកហាត់

303

ភ្នំពេញ៖ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាដែលជ្រើសរើសបានកីឡាការិនី២០នាក់ជាផ្លូវការសម្រាប់ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១នៅប្រទេសវៀតណាមនៅវៀតណាមហើយនោះបាននិយាយថាក្រុមទាំងមូលនិងការត្រៀមខ្លួនបន្ថែមទៀតក៏ដូចជាគោលដៅក្នុងព្រឹត្តិការណ៍ដែលបាល់ទាត់នារីកម្ពុជាបង្ហាញខ្លួនលើកដំបូងនេះ។

លោក ប្រាក់ វុទ្ធីដែលជាគ្រូជម្រើសជាតិនារីនោះ បានលើកឡើង ថា ដោយសារយើងបានហ្វឹកហាត់រយៈពេល២សប្ដាហ៍កន្លងមក ស្ថានភាពកីឡាការិនីរបស់យើង គឺមានកម្លាំងល្អអត់មានអ្នករងរបួស អត់មានបញ្ហាសុខភាពហើយមានការប្រឹងប្រែងហ្វឹកហាត់បានល្អ។ស្មារតីរបស់ពួកគាត់ថ្វីត្បិតតែការចូលរួមលើកដំបូងប៉ុន្តែស្មារតីខំប្រឹងប្រែងដើម្បីធ្វើម៉េចឲ្យគុណផលរបស់ពួកគាត់បានល្អប្រសើរ។
ដោយសារក្រុមវៀតណាមក្រុមហ្វីលីពីនសុទ្ធតែជាក្រុមខ្លាំងជាងក្រុមជម្រើសរបស់
យើងយើងគិតថារៀបចំការការពារជាមូលដ្ឋានគឺប្រសើរបំផុតសម្រាប់យើងហើយជៀសវាង
ការរបូតគ្រាប់បាល់ច្រើនជាមួយក្រុមទាំងពីរ។

កត្តានេះយើងបានសិក្សារួចហើយប៉ុន្តែការហ្វឹកហាត់របស់យើងមានរយៈពេលខ្លីក្រោយលីគចប់ទៅកីឡាការិនីរបស់យើងបានសម្រាករហូតដល់ជិតមួយខែដូច្នេះអ្វីដែលយើងរៀបចំការហ្វឹកហាត់ត្រៀមនេះយើងរៀបចំការហ្វឹកហាត់កម្លាំងរហូតដល់ ៦០ភាគរយ ទៅ៧០ភាគរយ ដើម្បីធ្វើម៉េចឲ្យកាយសម្បទារបស់យើងបានល្អ ប៉ុន្តែរយៈពេលខ្លីអាចជាបញ្ហាមួយដែលយើងរងការពិបាក។
នេះជាលើកដំបូងដែល ក្រុមបាល់ទាត់នារីកម្ពុជាចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ចាប់តាំងពីវិញ្ញាសាត្រូវបានដាក់ឲ្យប្រកួតតាំងពីស៊ីហ្គេម លើកទី១៨ឆ្នាំ១៩៩៥នៅប្រទេសថៃ។

ជាមួយនឹងការចូលរួមលើកដំបូងឆ្នាំនេះក៏ជាគោលដៅដើម្បីផ្សារភ្ជាប់ទៅនឹងស៊ីហ្គេមនា ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ក្នុងហេតុផលនេះ លោក ប្រាក់ វុទ្ធី ក៏បានបញ្ជាក់គោលដៅសម្រាប់ការប្រកួតលើកនេះត្បិតត្រូវប៉ះក្រុមលំដាប់ពិភពលោកដែលត្រូវត្រៀមចូលរួមប្រកួត FIFA Women’s World Cup ឆ្នាំក្រោយ។

គ្រូបង្វឹករូបនេះបានបង្ហាញគោលដៅថាការចូលរួមស៊ីហ្គេមគឺជាម៉ែត្រវាស់សមត្ថភាពសម្រាប់រៀបចំគោលដៅឆ្នាំ២០២៣។នៅក្នុងការប្រកួតនេះយើងរំពឹងថាបានស្មើជាមួយក្រុមទាំងពីរគឺជាលទ្ធផលមួយល្អប្រសើរបំផុតប៉ុន្តែបើចាញ់ជាមួយការរបូតគ្រាប់បាល់តិចក៏ជាលទ្ធផលមួយមិនជាអាក្រក់ប៉ុន្មាននោះទេ។

យើងដឹងហើយថាគេជាក្រុមលំដាប់ពិភពលោកទៅហើយដូច្នេះការប្រឹងប្រែងរបស់
យើងក្នុងរយៈពេល ៣សប្ដាហ៍នេះ យើងនឹងបានបង្ហាញអំពីគុណផលបានកម្រិតណាហើយ។
ក្រុមបាល់ទាត់នារីកម្ពុជាដែលនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះត្រូវស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ វៀតណាម និងហ្វីលីពីន ខណៈដែលឥណ្ឌូនេស៊ី បានប្រកាសដកខ្លួនចេញពីកម្មវិធីវិញនោះ។

ដូច្នេះការប្រកួតបើកឆាករបស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា គឺនៅថ្ងៃទី០៩ ខែឧសភា ដោយនឹងត្រូវជួប ហ្វីលីពីន និងប្រកួតចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង