កីឡា៤ ប្រភេទចេញដំណើរទៅ SEA GAMES 2021 នៅវៀតណាមមុនគេ
ភ្នំពេញ៖ថ្ងៃនេះ(៤ឧសភា)កីឡាករ-កីឡាការិនី ៤ ប្រភេទកីឡាចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជូនដំណើរនិងលើកទឹកចិត្តដល់អត្តណលិកទាំង៤ប្រភេទកីឡានេះ។
ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាលោក ប៉ុន សុខ បាននិយាយថា នេះជាការចេញដំណើរដំបូងរបស់ក្រុមកីឡាករ-កីឡាការិនីកម្ពុជាដើម្បីចូលរួមការប្រកួត ហើយកីឡាទំាង៤ប្រភេទត្រូវចេញមុនគេ គឺកីឡាប្រដាល់គុនខ្មែរ កីឡាប្រដាល់ឃីកប៊ុកស៊ីង(Kick-Boxing) ទូកកានូ កីឡាបាល់ទាត់បុរសអសយុក្រោម និងកីឡាបាល់ទាត់នារីដោយធ្វើដំណើរតាមជើងយន្តហោះពិសេស (Charter Flight)។
លោកបានបន្តថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានយកចិត្តទុកដល់ប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ត្រូវចេញទៅចូលរួមការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ជាមួយគ្នានេះលោកប្រធានកីឡាជម្រើសជាតិរូបនេះបាន លើកទឹកចិត្តឲ្យអត្តពលិកទាំងអស់ដណ្ដើមបានមេដាយល្អៗគ្រប់ៗគ្នា ៕