បណ្ឌិត្យសភានគរបាលកម្ពុជា បំភ្លឺជុំវិញការផ្សាយព័ត៌មានមិនពិត របស់វិទ្យុបរទេស ករណីប្រើហិង្សាលើគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា
ភ្នំពេញ៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញមកបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនពីវិទ្យុបរទេស ដែលផ្សព្វផ្សាយចោទប្រកាន់មកលើឧត្តមសេនីយ៍ឯក សាស្ត្រចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រើប្រាស់ហិង្សាដោយទះផ្លៀងលោកវរសេនីយ៍ត្រី អេង ស្រូយ គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
បើយោងតាមសេចក្តីបំភ្លឺ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា លោកវរសេនីយ៍ត្រី អេង ស្រូយ ជាគ្រូនគរបាលអសកម្ម មិនគោរពវិន័យ និងមិនមានភាពរៀងចាលចំពោះទណ្ឌកម្មរដ្ឋបាលរបស់ក្រុមប្រឹក្សាវិន័យ ក្នុងពេលកន្លងមក ដើម្បីឱ្យគាត់កែខ្លួនជាគ្រូនគរបាលជាតិល្អ និងមានសមត្ថភាព សមស្រប គោរពវិស័យការងារ និងអាចបង្ហាត់បង្រៀនបាន ពីព្រោះតាំងពីលោកវរសេនីយ៍ត្រី អេង ស្រូយ ផ្ទេរភារកិច្ចមកជាគ្រូនគរបាលជាតិ នៅឆ្នាំ២០១២ រហូតមកបច្ចុប្បន្ន សាមីខ្លួនមិនទាន់ឡើងបង្រៀនម្តងនៅឡើយទេ ដោយសារមិនទាន់មានឯកសារបង្រៀនគ្រប់គ្រាន់ និងមិនទាន់ឆ្លងកាត់ការវាយតម្លៃសមត្ថភាពបង្រៀនសាកល្បងនៅឡើយ។
ម្យ៉ាងទៀត នៅពេលប្រធានអង្គភាពសួរបញ្ជាក់អំពីវឌ្ឍនភាពនៃការរៀបចំចងក្រងមេរៀនសម្រាប់បង្រៀនលោកវរសេនីយ៍ត្រី អេង ស្រូយ តែងតែឆ្លើយដោះសារ និងពន្យាពេលជានិច្ច។
បណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់ករណីលោកវរសេនីយ៍ត្រី អេង ស្រូយ គឺមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ដូចការផ្សព្វផ្សាយរបស់វិទ្យបរទេសនោះទេ។
បណ្ឌិត្យសភានគរបាលកម្ពុជា ហ៊ានច្រានចោលការចោទប្រកាន់ខាងលើនេះ ក្រោយពីឆ្លងកាត់ការស្រាវជ្រាវរួច។ តាមរយៈសេចក្តីបំភ្លឺ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បណ្ឌិត្យសភានគរបាលកម្ពុជា សរសេរថា៖«សាក្សីទាំងអស់៦នាក់ ដែលបានចូលរួមប្រជុំ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ អះអាងថា ឧត្តមសេនីយ៍ឯក ប្រាក់ ណារ៉ុង មិនបានប្រើហិង្សាទះកំផ្លៀងលោក អេង ស្រូយ ក្នុងកិច្ចប្រជុំ ដូចការផ្សព្វផ្សាយនោះទេ។ ករណីនេះ ផ្ទុយពីការពិត និងជាការបរិហារកេរ្តិ៍ដល់ថ្នាក់ដឹកនាំបណ្ឌិត្យសភា និងប៉ះពាល់ដល់កិត្តិយសបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ»។
ក្រោយចាកចេញពីកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក អេង ស្រូយ ក៏ប្រាប់បណ្តាសារព័ត៌មានមួយចំនួនថា ក្នុងកិច្ចប្រជុំនោះ លោក ត្រូវបានលោក ប្រាក់ ណារ៉ុង ដែលជាមេកើយ ទះកំផ្លៀង។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានវីអូអេថា៖«ដើមចមនៃការទះផ្លៀងនេះ គឺបណ្តាលមកពីរឿងនយោបាយមួយ និងរឿងថតរូបក្នុងអង្គប្រជុំពីរ»។
បណ្ឌិត្យសភានគរបាលកម្ពុជា បកស្រាយថា ការបើកកិច្ចប្រជុំនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដែលដឹកនាំដោយលោក ប្រាក់ ណារ៉ុង គឺផ្តោតទៅលើការមិនគោរពវិន័យរបស់លោក អេង ស្រូយ ដោយមិនពាក់ព័ន្ធនឹងរឿងនយោបាយសោះឡើយ។ ក្នុងសេចក្តីបំភ្លឺ៣ទំព័រ បណ្ឌិត្យសភានគរបាលកម្ពុជា បានបរិយាយពីកំហុសយ៉ាងច្រើនរបស់លោក អេង ស្រូយ ដែលនាំឲ្យអង្គភាព ចាំបាច់ត្រូវបើកកិច្ចប្រជុំ ដើម្បីណែនាំលោកឲ្យកែប្រែខ្លួនឲ្យល្អឡើងវិញ។
កំហុសរបស់លោក អេង ស្រូយ ដែលបណ្ឌិត្យសភាកម្ពុជាបរិយាយ មានជាអាទិ៍ មិនបានបំពេញភារកិច្ចតាមការណែនាំ មិនមានលទ្ធផលការងារ អសកម្មនឹងការងារ មិនគោរពវិន័យ មិនមានភាពរាងចាលចំពោះទណ្ឌកម្មរដ្ឋបាល និង អវត្តមានពីការងារដោយឥតច្បាប់។ អ្វីដែលគួរកត់សម្គាល់លើសពីនេះ គឺបណ្ឌិត្យសភានគរបាលកម្ពុជា អះអាងថា ចាប់តាំងពីត្រូវបានផ្ទេរភារកិច្ចឲ្យធ្វើជាគ្រូបង្រៀននគរបាល នៅឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន (២០២២) លោក អេង ស្រូយ មិនទាន់បានឡើងបង្រៀននគរម្តងនោះទេ ដោយសារលោក មិនទាន់មានឯកសារបង្រៀនគ្រប់គ្រាន់ និងមិនទាន់ឆ្លងកាត់ការវាយតម្លៃសមត្ថភាពបង្រៀនសាកល្បងនៅឡើយ។
លោក អេង ស្រូយ និងលោក ប្រាក់ ណារ៉ុង សុទ្ធតែដាក់លិខិតទៅលោកនាយឧត្តមសេនីយ៍ សេង ផល្លី ដើម្បីសុំឲ្យជួយរកខុសត្រូវ។ ចំពោះលោក អេង ស្រូយ ក្រៅពីការសុំអន្តរាគមន៍ពីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាហើយ លោក ប្រាប់បណ្តាសារព័ត៌មាននានាថា លោក ក៏នឹងដាក់របាយការណ៍ពីករណីទះកំផ្លៀងលោកទៅកាន់ក្រសួងមហាផ្ទៃ និងប្តឹងទៅតុលាការផងដែរ។
លោក ប្រាក់ ណារ៉ុង ក៏មិននៅស្ងៀមដែរ។ បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់ព័ត៌មានក្នុងសេចក្តីបំភ្លឺថា លោក ប្រាក់ ណារ៉ុង បានស្នើសុំការអនុញ្ញាតពីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីចាត់វិធានការតាមច្បាប់ទៅលើលោក អេង ស្រូយ។ ក្នុងន័យនេះ លោក ប្រាក់ ណារ៉ុង ប្រហែលជាដាក់បណ្តឹងប្តឹងលោក អេង ស្រូយ វិញដូចគ្នា។
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់ព័ត៌មានបន្ថែមថា ក្រៅពីនេះ លោក អេង ស្រូយ នឹងត្រូវរងទណ្ឌកម្មរដ្ឋបាលជាថ្មីម្តងទៀត៕