វឌ្ឍនភាព នៃការដោះស្រាយ វិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្រសួងបាន បន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជា លើកទី៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ដោយអវត្តមានលោកស្រី ឈឹម ស៊ីថរ ដែលមានធុរៈចាំបាច់ និង តំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ដោយ អវត្តមាន លោក HeinDames ដែលមានធុរៈចាំបាច់ ដោយភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ ដូចខាងក្រោម៖
មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត៖
១. ជម្រើសនៃការស្នើសុំ គឺដដែលដោយស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពី ការងាររួមចូលធ្វើការងារ និងធ្វើការដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០នាក់ និងធ្វើការខែទី១ ចំនួន ៥០% និងខែទី២ ចំនួន ៧០% រហូតដល់មានវេនធ្វើការងារពេញវិញ។
២. ស្នើឱ្យក្រុមហ៊ុនបង្កើតជម្រើសផ្សេងម្តង ដោយសារកន្លងមក ភាគីតំណាងកម្មករនិយោជិតជាអ្នក បង្កើតជម្រើស ប៉ុន្តែមិនមានដំណោះស្រាយ។ ភាគីក្រុមហ៊ុនមិនបានផ្តល់ជម្រើសអ្វីថ្មី ក្រៅពីការប្រកាន់ជំហរ ដាច់ណាត់ថា មិនទទួលយកចូលធ្វើការវិញ ម្យ៉ាងវិញទៀត ស្ថានភាពជំងឺកូវីដ-១៩ ក៏បានធូរស្បើយ រហូតដល់ មានការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងបើកទេសចរណ៍ឡើងវិញទៀត។
៣. ស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់លិខិតរបស់អធិការការងារស្ដីពីការឯកភាព លើការបញ្ឈប់ពីការងាររួមរបស់កម្មករនិយោជិត ១ ៣២៩នាក់ ក្នុងនោះ មានថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីព នាពេលកន្លងមក។ ករណីក្រសួងមិនបានផ្តល់ជូនលិខិត នាំឱ្យបាត់សិទ្ធិប្តឹង ឧបាស្រ័យរបស់សហជីព។
៤. ស្នើសុំតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទម្លាក់បទចោទចំពោះតំណាងកម្មករ និយោជិតនៃក្រុមហ៊ុន ណាហ្គាវើលដ៍ទាំងអស់ និងស្នើសុំបើកការិយាល័យសហជីពឡើងវិញ ដោយសុំយកទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗមកប្រើប្រាស់ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ។
មតិរបស់តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍៖
១. អ្នកដែលមិនទាន់មកទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀង នៅសល់តែជាង ១៩០នាក់ប៉ុណ្ណោះ។ ចំពោះអតីតកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងារ គឺក្រុមហ៊ុននៅរក្សាកញ្ចប់ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងដដែល។
២. ចំនួនបុគ្គលិកបច្ចុប្បន្នរបស់ក្រុមហ៊ុន គឺលើសពីតម្រូវការអាជីវកម្មរបស់ក្រុមហ៊ុន។ ជាក់ស្តែង ទោះបីជាកម្មករនិយោជិតដល់អវត្តមានដោយគ្មានច្បាប់ជាច្រើនរយនាក់ក៏ដោយ ក៏សកម្មភាពអាជីវកម្មក្រុមហ៊ុន នៅតែដំណើរការជាធម្មតាដដែល។ រយៈពេលចុងក្រោយនេះ កម្មករនិយោជិតដែលអវត្តមានដោយគ្មានច្បាប់ ទាំងនោះ បានវិលត្រលប់ចូលធ្វើការវិញជាហូរហែ ដែលពេលនេះមានប្រមាណតែ ៤០០នាក់ប៉ុណ្ណោះ ដែលនៅបន្តអវត្តមានដោយគ្មានច្បាប់ តែក្រុមហ៊ុននៅតែអនុញ្ញាតឱ្យអ្នកទាំងនោះមកធ្វើការវិញដោយមិនប្រកាន់ កំហុសឡើយ។
៣. ចំពោះការលើកឡើងរបស់សហជីពឱ្យក្រុមហ៊ុនបង្កើតជម្រើសផ្សេងទៀត គឺក្រុមហ៊ុនមិនមានជម្រើស អ្វីផ្សេងនោះទេ។ ក្រុមហ៊ុននៅតែទទួលអ្នកដែលអវត្តមានគ្មានច្បាប់ទាំងនោះឱ្យចូលធ្វើការវិញធម្មតា។ ហើយអ្នកដែលត្រូវបានក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារជារួម ក្រុមហ៊ុននៅតែរក្សាកញ្ចប់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ដោយការព្រមព្រៀងដដែល។
៤. គម្រោងកាត់បន្ថយបុគ្គលិកនេះ ជាគម្រោងដែលបានអនុវត្តរួចរាល់ហើយ សង្ឃឹមថា បងប្អូន ១៩០នាក់ ជាងនេះ នឹងព្រមទទួលយកកញ្ចប់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងនេះ។ សរុបមក ចំពោះ ជំហរនៃការដោះស្រាយ គឺនៅបន្តដូចកន្លងមក ដោយមិនយល់ព្រមទទួលយកកម្មករនិយោជិតដែលបានបញ្ឈប់ ពីការងាររួមឱ្យចូលធ្វើការងារវិញនោះទេ។
ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖
១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។ ២. កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹង បន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយ បានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕