កម្ពុជា-ឡាវ-វៀតណាម ជំរុញស្តារវិស័យ ទេសចរណ៍ឡើងវិញ ក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA)
ភ្នំពេញ៖ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ចូលរួម ក្នុងកិច្ចប្រជុំក្រុមការងារអនុវត្តផែនការ អភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណ អភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ២០៣០ ជាមួយភាគីវៀតណាម និងឡាវ តាមប្រព័ន្ធវីដេអូ។
ជាផ្នែកមួយក្នុងការរួមចំណែកស្តារឡើងវិញក្រោយវិបតិ្តជំងឺកូវីដ-១៩ តាមផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យឡើងវិញវិស័យទេសចរណ៍កម្ពុជា ២០២០-២០២៥ ក្នុងនោះភាគីកម្ពុជាបានឯកភាពតាមសំណើររបស់អង្គប្រជុំ ដោយទទួលបន្ទុកដឹកនាំសកម្មភាពស្នូលចំនួន៥ រួមមាន៖
១៖ ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងគោលដៅ ការអភិរក្សធនធានធម្មជាតិនិងវប្បធម៌ និងការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ និងផ្ទះស្នាក់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។
២៖ ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស ឆ្ពោះទៅស្តង់ដាអ្នកជំនាញទេសចរណ៍អាស៊ានផ្តោតលើជំនាញបដិសណ្ឋារកិច្ចដើម្បីលើកកម្ពស់គុណភាពសេវាកម្ម។
៣៖ អភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ទៅកាន់ទីផ្សារគោលដៅ Long Haul Markets (៤) កិច្ចសហការដើម្បីអភិរក្ស និងការពារប្រព័ន្ធជីវៈចម្រុះ និងបរិស្ថានទេសចរណ៍ (Biodiversity and Biosphere Landscape)។
៥៖ កិច្ចសហការក្នុងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការឆ្លើយតបរហ័សទៅនឹងទឹកជំនន់ ខ្យល់ព្យុះ និងការស្តារឡើងវិញក្រោយមហត្តរាយដែលអាចកើតមានឡើងជាយថាហេតុ។
អង្គប្រជុំបានសម្រេចឯកភាពតាមយោបល់របស់លោក ថោង រដ្ឋសក្តិ តំណាងកម្ពុជា លើការងារសំខាន់រួមមាន៖
១៖ ការផ្សព្វផ្សាយរួមគ្នារវាងប្រទេសទាំង៣ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្រិតអន្តរជាតិ ការរៀបចំវីដេអូ ស្លាកសញ្ញា និងយីហោផ្សព្វផ្សាយតំបន់ត្រីកោណអភិវឌ្ឍន៍ ជាពិសេសការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ២០២២-២០២៥។
២៖ រៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ២០៣០ ចំនួន២ដងក្នុងមួយឆ្នាំ ដើម្បីបូកសរុបការងារ មុននឹងរាយការណ៍ជូនអង្គការជាតិទេសចរណ៍អាស៊ាន និងការបញ្ជូលសមាសភាពអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធទៅក្នុងក្រុមការងារ (Working Group) ដើម្បីដឹកនាំការងារក្នុងបុរេសកម្ម និងមានការទទួលខុសត្រូវខ្ពស់។
៣៖ រៀបចំស្តង់ដាទេសចរណ៍សំខាន់ៗសម្រាប់កម្រិតតំបន់ត្រីកោណអភិវឌ្ឍន៍ ដោយយកគំរូតាមស្តង់ដាទេសចរណ៍អាស៊ានដែលបានអនុវត្ត។
៤៖ រៀបចំ Formalization Trip សម្រាប់វិស័យឯកជនដើម្បីសិក្សា និងកំណត់សក្តានុពលទេសចរណ៍ក្នុងខេត្តតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងការរៀបចំ Caravan Tour ឆ្លងកាត់ប្រទេសទាំងបី និងអាចភ្ជាប់ទៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor)។
៥៖ សហការដើម្បីបញ្ជូលកីឡាទេសចរណ៍ទៅក្នុងផែនការសកម្មភាពរបស់ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ២០៣០ ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ជាដើម៕