ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL)

796

 

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុននៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានរួមមាន៖ ក្រុមហ៊ុននវានុវត្តន៍សកល 3M, ក្រុមហ៊ុនផលិតផលអាហារូបត្ថម្ភ Abbott, ក្រុមហ៊ុនបច្ចេកវិទ្យាសូហ្វវ៉ែ Amazon, ក្រុមហ៊ុនប្រេង Chevron, ក្រុមហ៊ុនប្រេង ConocoPhillips, ក្រុមហ៊ុនផ្តល់ថាមពល និងផលិតផលគីមី ExxonMobil, ក្រុមហ៊ុនរថយន្ត Ford, ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Meta, ក្រុមហ៊ុនទូទាត់តាមឌីជីថល Visa, ក្រុមហ៊ុននាំចូលនិងចែកចាយស្រា Pernod Ricard, ក្រុមហ៊ុនជីវបច្ចេកវិទ្យា Roche, ក្រុមហ៊ុនក្រុមហ៊ុនថ្នាំជក់អន្តរជាតិ Phillip Morris និងសម្ព័នក្រុមហ៊ុន RMA Group (រថយន្ត គ្រឿងបរិក្ខារ សេវាកម្ម និងម្ហូបអាហារ)។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងតំណាងធុរជនទាំងអស់ដែលបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ព្រមជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ហ្វៃហ្សឺ (Pfizer) ចំនួន ២លានដូស ដល់កម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX) ដែលបានដឹកជញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃម្សិលមិញនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីអំពីយុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឱ្យមានប្រក្រតីភាពឡើងវិញ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា មកដល់បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានជាង ៩៣% នៃចំនួនប្រជាជនសរុប ១៦ លាននាក់ ហើយបច្ចុប្បន្នកម្ពុជាកំពុងបើកដំណើរការសាកលវិទ្យាល័យ សាលារៀន អាជីវកម្ម ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចសង្គមផ្សេងៗទៀតឡើងវិញ។ ដោយមើលឃើញពីចំនួននៃការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានកម្រិតទាប និងបានជ្រាបពីអនុសាសន៍ណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈមួយចំនួន ដោយក្នុងនោះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចសម្រេចថាតើត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមសហការជាមួយវិស័យឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធានាថា ពាណិជ្ជកម្មឆ្លងដែននឹងមិនមានការរំខានដោយសារវិធានការរឹតត្បិតដែលអាចកើតមានដោយជំងឺកូវីដ-១៩ ជាពិសេស កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារសម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ជាដើម។

ទន្ទឹមនឺងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកាត់សំគាល់ នៅក្នុងឆ្នាំ២០២១ ដោយទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិកសម្រេចបាន ៧,៨ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ៥,៥ប៊ីលានដុល្លារ ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានលើកទី៣ ក្រោមប្រធានបទ “ASEAN Addressing Challenges Together” និងក្រោមសសរស្តម្ភសេដ្ឋកិច្ច កម្ពុជានឹងដឹកនាំអាស៊ានឱ្យពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក ហើយងើបចេញពីជំងឺរាតត្បាតកាន់តែខ្លាំង ដោយរួមបញ្ចូល ភាពប្រកួតប្រជែង ភាពធន់ និរន្តរភាព និងសមភាព ក្រោមការជំរុញជាយុទ្ធសាស្រ្តសំខាន់ៗចំនួន ៤ រួមមាន៖ (១) ការលើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (២) ការបង្រួមគម្លាតអភិវឌ្ឍន៍សម្រាប់ភាពប្រកួតប្រជែងរបស់អាស៊ាន (៣) ការលើកកម្ពស់សមាហរណកម្មកាន់តែច្រើន រួមបញ្ចូល ភាពស្អិតរមួត ធន់ និងការប្រកួតប្រជែង (៤) ការពង្រឹងអាស៊ានសកលសម្រាប់កំណើន និងការអភិវឌ្ឍន៍។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ និងការបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ដែលអនុញ្ញាតឱ្យមានអាចរៀបចំកិច្ចប្រជុំដោយផ្ទាល់ក្នុងថ្ងៃនេះបាន។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ចសង្គម
និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាក្នុងអំឡុងពេលនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ជាការពិតដែលថាប្រទេសកម្ពុជាមានអត្រាអ្នកទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅក្នុងអាស៊ាន ពោលគឺប្រជាជន ៩៥% បានទទួលថ្នាំបង្ការ ដែលជាសក្ខីភាពមួយដល់រដ្ឋាភិបាលកម្ពុជា និងការគាំទ្រដ៏ធំធេងសម្រាប់ការស្តារសេដ្ឋកិច្ចបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ ផ្ដល់កិច្ចសហការណ៍ និងជួយដោះស្រាយបញ្ហានានារបស់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។

ក្នុងឱកាសនោះផងដែរ តំណាងក្រុមហ៊ុនទាំងអស់ ក៏បានសម្តែងក្ដីសោមន្យរីករាយយ៉ាងខ្លាំងចំពោះ កម្មវិធីចាក់វ៉ាក់សាំងនៅកម្ពុជា ដែលអនុញ្ញាតឱ្យមានសកម្មភាពសេដ្ឋកិច្ចបានដំណើរការបន្ត និងការពារអាយុជីវិតរបស់ប្រជាជន ក្នុងអំឡុងពេលកូវីដ-១៩។ លើសពីនេះ តំណាងក្រុមហ៊ុនទាំងអស់ក៏បានបង្ហាញពីសុទិដ្ឋិនិយម និងទំនុកចិត្តលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ជាពិសេសនៅក្នុងឆ្នាំនេះ ដែលកំណើនសេដ្ឋកិច្ចនឹងត្រលប់មករកភាពវិជ្ជមានឡើងវិញ។ ជាងនេះទៅទៀត ក្រុមហ៊ុនទាំងនោះបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច និងផ្ដល់កិច្ចសហការល្អដល់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេបង្កើនការវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានទាំងអស់ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហការ និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដោយកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នា ក្នុងគោលបំណងរៀបចំបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង