នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនបុរសម្នាក់ ករណីលួចឆក់យកអាវុធខ្លីរបស់មន្រ្តីនគរបាលម្នាក់
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលឆក់កាបូបមានអាវុធខ្លីម៉ាកGLOCK១៩មួយដើម របស់មន្រ្តីនគរបាលម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃទី១៧ខែកញ្ញា។ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ កញ្ញា បានបង្ហាញមុខជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់កាបូបតាមផ្លូវសាធារណៈ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ០០ នាទី ។
ជនរងគ្រោះឈ្មោះ ម៉េង វិមានតារា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនគរបាលស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់មាន អាវុធខ្លីម៉ាកGLOCK១៩ ពណ៌ខ្មៅ លេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន១ ដើម បង់អាវុធខ្លី ចំនួន ១ គ្រាប់ចំនួន ១៥ គ្រាប់ ទូរស័ព្ទដៃម៉ាក Samsung GalaxyS9 ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៧៨៧៧៨៨៨១ ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AC-8798 ប័ណ្ណបើកបរ ចំនួន ១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ១ កាតATM ចំនួន ៤ សន្លឹក ប្រាក់រៀល ចំនួន ៤ លានរៀល និងប្រាក់ដុល្លារ ២០ ដុល្លារអាមេរិក ។
ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ម៉ន សំនៀង ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមានអាវុធខ្លីម៉ាក GLOCK១៩ ពណ៌ខ្មៅ លេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន១ ដើម បង់អាវុធខ្លី ចំនួន ១ គ្រាប់ចំនួន ៤ គ្រាប់ ជារបស់ជនរងគ្រោះ ឈ្មោះ ម៉េង វិមានតារា ៕