ក្រសួងសុខាភិបាល ប្រារព្ធទិវាឆ្មបជាតិ ៥ឧសភា ក្រោមប្រធានបទ «វិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់ សុខភាពជាសកល»
ភ្នំពេញ៖ លោកសាស្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរដល់ទិវាឆ្មបជាតិ ៥ឧសភា ២០២២ ក្រោមប្រធានបទ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋមសំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល»សណ្ឋាគារភ្នំពេញ ដែលបានរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសមាគមឆ្មបកម្ពុជា។
នៅក្នុងឱកាសនោះ លោកសាស្តចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២០ កន្លងទៅ និងរហូតមកទល់ពេលបច្ចុប្បន្ននេះ ទោះបីជា ប្រទេសកម្ពុជាមានការរំខានញាំញីដោយជំងឺរាតត្បាតកូវីដ-១៩ មែនពិត ក៏ប្រជាជនទាំងអស់រស់នៅធម្មតា តាមបែបគន្លងថ្មី ដោយសារតែប្រទេសជាតិមានសន្តិភាព និងស្ថិរភាព នយោបាយ ក្រោមការដឹងនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រទេសកម្ពុជាកំពុងទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូដ-១៩ និងអត្រា គ្របដណ្តប់ខ្ពស់ក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនេះដែរ លោកសាស្តចារ្យ ម៉ម ប៊ុនហេង បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់រាជរដ្ឋាភិបាល មន្ត្រីសុខាភិបាល អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មដើម្បីសម្រេចបាន លទ្ធផលដ៏ល្អវិសេសវិសាលមួយនេះ ជាពិសេសថ្លែងអំណរគុណជាពន្លឹកដល់ឆ្មបទាំងអស់ ទាំងនៅទីនេះក្តី ទាំងឆ្មបកំពុងតាមដានតាមកម្មវិធី ZOOM ក្ដី ដែលបាន ចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសផ្តល់ សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា និងទារក នៅក្នុងស្ថានភាពដែល ប្រទេសកម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោកកំពុងទទួលរងនូវជំងឺរាតត្បាតជំងឺកូវីដ-១៩។
លោករដ្ឋមន្រី្ដ សូមគាំទ្រទាំងស្រុងនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យស្មារតីប្រយុទ្ធដ៏ខ្លាំងក្លាស្ថិតនៅជារៀងរហូត ជាមួយឆ្មបកម្ពុជា និងសូមឱ្យឆ្មបទាំង អស់បន្តអនុវត្តការងារ ៖ ១) ផ្តល់ប្រឹក្សា អប់រំ ដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការ ជំងឺឆ្លង ជាពិសេសជំងឺឆ្លងពីម្ដាយទៅកូន។ ២) ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលវេលានូវផល វិបាកនានា។ ៣) ផ្តល់សេវាថែទាំក្នុងពេលឈឺពោះ សម្រាលកូន និងការថែទាំក្រោសម្រាល។ ៤) ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀតដែលពាក់ព័ន្ធនឹងការងារឆ្មប។
លោករដ្ឋមន្រ្ដី បានគាំទ្របន្តលើអន្តរាគមន៍គន្លឹះផ្នែកការងារឆ្មបបន្ថែមលើការ វិនិយោគ លើការបង្កើនចំនួនឆ្មបជំនាញឱ្យបានសមស្របទៅនឹងតម្រូវការធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដាក់បញ្ចូលក្របខណ្ឌបែងចែកឱ្យបំពេញការងារនៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ និងវិនិយោគលើការបណ្តុះបណ្តាល ការបង្វឹកជំនាញបន្ថែម និងការបណ្ដុះបណ្ដាលក្រោយមូលដ្ឋាន ថែមទៀត៕