ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនស្រ្តីម្នាក់ ករណីនាំនារីខ្មែរ ទៅលក់ឱ្យបុរសជនជាតិចិន ធ្វើជាប្រពន្ធ

127

ខេត្តកំពង់ចាមៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទម្នាក់ជាស្រ្តីវ័យក្មេង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីនាំនារីខ្មែរ ទៅលក់ឱ្យបុរសជនជាតិចិន នៅប្រទេសចិន ធ្វើជាប្រពន្ធ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ដែលកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានបង្ក្រាបកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥១៣ ទ.ព្រ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ពីបទនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០១៨។

សូមរំលឹកផងដែរថាៈ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខៈ ១៦៤០ ព.ស និង លេខៈ ១៦៤២ ព.ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ របស់អយ្យការ អមសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យឈ្មោះ ផន សុខណេង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់ឱ្យបុរសជនជាតិចិននៅប្រទេសចិនធ្វើជាប្រពន្ធ។ ក្រោយពីសាកសួររួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន សុខណេង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

អត្ថបទដែលជាប់ទាក់ទង