ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្សឹកព្រះចៅអធិការវត្តកំពង់ក្ដុល លួចទាក់ទងជាមួយស្រីរហូតមានកូន

137


ភ្នំពេញ៖ ព្រះចៅអធិការវត្តកំពង់ក្ដុល ធ្វើឲ្យខូចដល់តម្លៃ​របស់ព្រះសង្ឃ នៅក្នុងព្រះពុទ្ធសាសនា បែរជាលបលួចទាក់ទងជាមួយ ស្ដី្រម្នាក់រហូតក្លែងខ្លួនជាគ្រហស្ថនិមន្តចេញពីកុដិទៅសឹង នៅក្នុងផ្ទះស្រីស្នេហ៍ ក៏ត្រូវប្រជាពលរដ្ឋឃាត់ឲ្យនគរបាលខណ្ឌដង្កោ កាល​ពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិខ្វិត សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ។

មន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ព្រះចៅអធិការវត្តកំពង់ក្តុល ដែលប្រជាពលរដ្ឋឃាត់ព្រះកាយនោះ ព្រះនាម មៀច សុវណ្ណ ព្រះជន្ម៣៦ឆ្នាំនេះ គង់នៅក្នុងវត្តកំពង់ក្តុល ដែលមានតាំងស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដដែល​ បានបន្ដថា មុនពេលឃាត់ព្រះកាយនោះ ប្រជាពលរដ្ឋតែងតែរាយការណ៍ប្រាប់​សមត្ថកិច្ចថា ព្រះអធិការវត្តកំពង់ក្ដុលនេះ មិនបានប្រកាន់ខ្ជាប់នូវវិន័យ ដ៏ត្រឹមត្រូវ ហើយកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្ដិយស និងតម្លៃព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចក៏មិនទាន់ចាត់ទុកថា អ្វីដែលពលរដ្ឋរាយការណ៍នោះ គឺជាការពិតនោះទេ ទើបកម្លាំងសមត្ថកិច្ច និងអ្នកភូមិខ្វិតមួយចំនួននាំគ្នាតាមដាន ដោយប្រើពេលវេលាយ៉ាងយូរ។ លុះមកដល់យប់ថ្ងៃកើតហេតុ ទើបអ្នកភូមិស៊ើបដឹងថា ចៅអធិការអង្គនេះបានក្លែងខ្លួនជាគ្រហស្ថ និមន្តទៅសឹង នៅក្នុងផ្ទះរបស់ឈ្មោះ ហេង សុខហៀង ភេទស្រី អាយុ២២ឆ្នាំ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានចម្ងាយ១០០០ម៉ែត្រពីវត្តកំពង់ក្ដុល។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពេលស៊ើបដឹងការពិត ប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្វិត បាននាំគ្នាទៅចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍សាក់សំពៅ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងនាំសង្ឃ មៀច សុវណ្ណ នេះមកស្នាក់បណ្តោះអាសន្ន នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីការពារសុវត្ថិភាព និងទុកប្រគល់ឲ្យការិយាល័យធម្មការ និងចាត់វិធានការតាមវិន័យសង្ឃ។

សូមជម្រាថា កន្លងមក ព្រះចៅអធិការវត្តកំពង់ក្ដុលនេះ ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងមានប្រពន្ធ និងសេពថ្នាំញៀន ហើយត្រូវគេបង្ហោះតាមបណ្ដាញសង្គម ទើបប្រជាពលរដ្ឋប្រហែលជាង​២០០នាក់ កើតទុក្ខមិនសុខចិត្ត នាំគ្នាតវ៉ាម្ដងរួចមកហើយ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងវត្ដកំពង់ក្ដុល ដើម្បីទាមទារឲ្យមន្ត្រីសង្ឃចាប់ផ្សឹកព្រះចៅអធិការអង្គនេះចេញ។

ក្រុមអ្នកតវ៉ា បានលើកឡើងថា កាលពី៣-៤ឆ្នាំមុននេះ មានការបែកធ្លាយពីរឿងព្រះចៅអធិការវត្ដកំពង់ក្ដុល មានប្រពន្ធកូនម្ដងរួចមកហើយ ប៉ុន្ដែពុទ្ធបរិស័ទមិនបាននាំគ្នាតវ៉ាអ្វីទេ គ្រាន់តែបានពិភាក្សាជាមួយគណៈកម្មការវត្ដ ស្នើសុំឲ្យព្រះចៅអធិការវត្ដសឹកចេញទៅ។ ប៉ុន្តែក្រោយមក ព្រះចៅ​អធិការវត្ដកំពង់ក្ដុល បានប្រាប់គេឯងថា មិនបាច់មាត់កអ្វីទេ ចាំស្ងាត់ព្រះអង្គនឹងសឹក ដោយខ្លួនឯង។

ប្រភពព័ត៌មានដដែល បានបន្តថា ចាប់តាំងពីពេលនោះមក ពុទ្ធបរិស័ទទាំងអស់ ចេះតែរង់ចាំមើល មិនឃើញព្រះចៅអធិការអង្គនេះលាចាកសិក្ខាបទ។ លុះក្រោយមកទៀត ពុទ្ធបរិស័ទរស់នៅក្បែរវត្ដកំពង់ក្ដុល បានឃើញឃ្លីបវីដេអូដែលបង្ហោះ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយព្រះចៅអធិការវត្ដកំពង់ក្ដុលចាក់ចម្រៀងឲ្យកូនស្រីរាំ ហើយប្រឡែងគ្នាលេង។ ក្រៅពីនេះពួកគាត់ឃើញឃ្លីបវីដេអូ របស់ព្រះចៅអធិការ ប្រើប្រាស់ថ្នាំញៀនថែមទៀត ទើបធ្វើឲ្យពុទ្ធបរិស័ទ មានការខឹងសម្បាយ៉ាងខ្លាំង ក៏នាំគ្នាមកតវ៉ានៅក្នុងវត្ដកំពង់ក្ដុល តែម្ដង ដើម្បីស្នើសុំឲ្យគណៈកម្មកាវត្ដ ចាប់ផ្សឹកព្រះចៅអធិកាវត្ដនេះចេញ។ ប៉ុន្តែរហូតមកដល់ពេលនេះ ទើបបែកធ្លាយរឿងរ៉ាវដ៏អាស្រូវនេះ ក៏ត្រូវប្រជាពលរដ្ឋចាប់ខ្លួន​ ប្រគល់​ឲ្យសមត្ថកិច្ចតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង