ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល៩ខែ ឆ្នាំ២០១៨ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ជួសជុល និងកែលម្អផ្លូវបាន១៥ខ្សែ

299

ភ្នំពេញ៖ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ទទួលបានគម្រោងពីក្រសួងសម្រាប់ជួសជុល និងកែមលម្អផ្លូវខូច នៅតាមខណ្ឌក្នុងរាជធានីភ្នំពេញ ឡើងវិញបានចំនួនជាង១០ខ្សែ ដែលមានប្រវែង៤៦.៣៨០ ម៉ែត្រ ដើម្បី ចូលរួមកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរាជធានីភ្នំពេញបានកាន់តែភាពល្អប្រសើរឡើង ។

លោក គឹម វិបុល ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅ ថ្ងៃទី ១៨ កញ្ញានេះថា សម្រាប់គម្រោងផែនការរួម ក្នុងឆ្នាំ២០១៨នេះ មន្ទីរ អភិវឌ្ឍន៏ជនបទរាជធានីភ្នំពេញទទួលបានពីក្រសួង លើការងារជួសជុល និងកែមលម្អផ្លូវខូច ក្នុងរាជធានីភ្នំពេញបានចំនួន១៥ខ្សែ។ លោក បានបន្តថា ក្នុងចំណោមផ្លូវទាំង១៥ខ្សែនេះ មាន៤ខ្សែ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ដែលមានប្រវែង១៤.៨៦០ម៉ែត្រ។ ចំណែក១០ទៀត ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅនេះដែរ ដែលមានប្រវែង ៣ម៉ឺនម៉ែត្រ និង១ខ្សែទៀត ជាផ្លូវជួសជុលបន្ទាន់ ស្ថិតនៅក្នុងខណ្ឌដង្កោ មានប្រវែង១៥២០ ម៉ែត្រ ដែលផ្លូវទាំងអស់នេះ សុទ្ធសឹងជាផ្លូវដីក្រាលគ្រួសក្រហម។ លោក បានបន្ថែមឲ្យដឹងទៀតថា បច្ចុប្បន្ន ផ្លូវដីគ្រួសក្រហមទាំងអស់នេះ មន្ទីរ ធ្វើការថែទាំជាលក្ខណៈខួប និងលក្ខណៈប្រចាំ លើផ្លូវលំ ដែលក្រសួងបានសម្រេចឲ្យធ្វើការថែទាំ។

លោក ប្រធានមន្ទីរ បានបញ្ជាក់ថា ក្រៅពីគម្រោងជួសជុល និងកែលម្អផ្លូវខូច ក្នុងរាជធានីភ្នំពេញ តាមរយៈក្រសួងអភិវឌ្ឍន៍ផ្តល់ឲ្យនេះ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ក៏បានទទួល ការអនុវត្តនូវគម្រោងជួសជុលអណ្តូងទឹក ការងារទឹកស្អាត និងបង្គន់អនាម័យ ពីក្រសួងបន្ថែមទៀត ដើម្បី ធ្វើយ៉ាងណា ចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ទៅតាមតម្រូវការរបស់ជាពលរដ្ឋរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ លោក បន្តថា អនុវត្តតាមការដឹកនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងការណែនាំពីអភិបាលរាជធានី មន្ទីរ បានចូលរួមចំណែក ពីផ្នែកគ្រប់ភាគីពាក់ព័ន្ធ សប្បុរសជន អង្គការជាតិ និងអន្តរជាតិនានា ត្រូវមានជំហររឹងមាំ ដើម្បី រួមចំណែកអភិវឌ្ឍន៍ រាជធានីភ្នំពេញឲ្យមានការរីកចម្រើនបន្តទៀត៕ 18 09 18 អត្ថបទ អ៊ួង វុធ

អត្ថបទដែលជាប់ទាក់ទង