ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករ​ខ្មែរ​ម្នាក់​ទៅធ្វើការនៅថៃ តែត្រូវ​ក្មេង​ស្ទាវ​ថៃ​វាយ​សម្លាប់​

64


បន្ទាយ​មាន​ជ័យ​៖​​ ពលករ​ខ្មែរ​ម្នាក់ ​ត្រូវ​ក្មេង​ស្ទាវ​ថៃ ​វាយ​សម្លាប់​ពេល​ចេញពី​ធ្វើការ ដោយមិនដឹងពីមូលហេតុ ។ ​ក្រោយ​ពី​កើតហេតុ​ហើយ​ភាគី​ថៃ ​បាន​ដឹក​សព​តាម​រថយន្ត​បញ្ជូន​មក​កម្ពុជា ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដើម្បី​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ នា​យប់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​។

តម្រួត​ថៃ​បាន​ប្រាប់​សមត្ថកិច្ច​​ខ្មែរ ​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មានឈ្មោះ​ឡាំ​ ភក្ត្រា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជា​ជាង​ មានស្រុក​កំណើត​ នៅ​ភូមិ​ឃី​ឡែក​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​

បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា ​ក្រុម​ក្មេង​ស្ទាវ​ដែល​វាយ​សម្លាប់​ជន​រង​គ្រោះ​នោះ ​គេ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​ ក្មេង​ស្ទាវ​១​ក្រុម​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ហើយ ​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។

ជនរងគ្រោះបាន​ជិះ​ម៉ូតូ​ត្រឡប់​ពី​ធ្វើការ​វិញ ​ត្រូវ​បាន​ក្មេង​ស្ទាវ​ជា​ជនជាតិ​ថៃ​មួយ​ក្រុម ​ជិះ​ម៉ូតូ​តាម​ព្រួត​វាយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ពេល​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យនៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​។ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ខេត្ត​ឈុ​ន​បុរី​ ប្រទេស​ថៃ​ កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​៕

អត្ថបទដែលជាប់ទាក់ទង