ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរឆ្ពោះទៅរកការបង្កើត វិទ្យាស្ថានបច្ចេកវិទ្យាសំណង់ នៅកម្ពុជា

86


ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកវិជ្ជាសំណង់កូរ៉េ (KICT) ដែលមានទីតាំង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

លោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូ ឱ្យស្គាល់បច្ចេកវិទ្យាសំណង់ ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារៈការដ្ឋាន។

ជាមួយគ្នានេះផងដែរ KICT បានចែករំលែកពង្រាងផែនការគាំទ្រ ការបង្កើត “វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ(C-KICT)”។ C-KICTនេះនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះ សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា ក្នុងការធានាឱ្យបាននូវស្ដង់ដារគុណភាព នៃសំណង់ នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនអំពីបញ្ហាប្រឈម នា​ពេលបច្ចុប្បន្នពាក់ព័ន្ធ នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ របស់កម្ពុជា ផងដែរ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរ នាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយកត្តាមនុស្ស និងចំណុចខ្មៅ បានសម្លាប់មនុស្សប្រមាណ ៥ នាក់ និងបង្ករបួសស្នាម ពី២០ទៅ៥០នាក់ ក្នុងមួយថ្ងៃ។

លោកទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា៖ កម្ពុជាចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើង នូវស្តង់ដារ នៃការស្ថាបនា ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យមានភាព រឹងមាំ និងប្រើប្រាស់ជាប់បានយូរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ជាពិសេស បច្ចេកវិទ្យាជួសជុលផ្លូវថ្នល់មានសារសំខាន់ណាស់ ដោយសារតំបន់ភាគខាងត្បូង នៃប្រទេសដូចជា៖ ខេត្តកំពត ខេត្តកែប ក្រុងព្រះសីហនុ និងខេត្តកោះកុង មានភ្លៀងធ្លាក់ជោគជាំនៅរដូវវស្សា។

លោកទេសរដ្ឋមន្រ្តីបានសំណូមពរឱ្យ KICT ពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។

KICT គឺជាវិទ្យាស្ថានរបស់រដ្ឋាភិបាលកូរ៉េ មានជំនាញឯកទេសខាងការស្រាវជ្រាវ និងវិស្វកម្មសំណង់។ KICT មានបុគ្គលិកជំនាញថ្នាក់បណ្ឌិតជាង ៩០០ ដែលមានជំនាញផ្សេងៗគ្នាទាក់ទងនឹងការសាងសង់។

KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគ យល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦៕

អត្ថបទដែលជាប់ទាក់ទង