នាយបេសកកម្មស៊ីហ្គេម របស់កម្ពុជា៖ កីឡាខ្លះនៅខ្សោយនៅឡើយ
ភ្នំពេញ៖នាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាឯកឧត្តមវ៉ាត់ចំរើនបានវាយតម្លៃថាតាមរយៈស៊ីហ្គេមនៅវៀតណាមលើកនេះមានប្រភេទកីឡាខ្លះនៅខ្សោយនៅឡើយដោយធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល ។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នេះកម្ពុជាធ្វើបានសមិទ្ធផលមេដាយមាស៩ ប្រាក់១៣ សំរឹទ្ធ៤១ សរុបចំនួន ៦៣ គ្រឿង។ ក្នុងនោះកម្ពុជាបានបញ្ជូនប្រភេទកីឡាចំនួន ៣៣ប្រភេទទៅចូលរួម។
សម្រាប់ការចូលរួមលើកនេះកម្ពុជាបានបំបែកឯកត្តកម្មនូវចំនួនមេ
ដាយច្រើនជាងឆ្នាំ២០១៩ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។តែយ៉ាងណាកម្ពុជាក៏នៅមានប្រភេទកីឡាខ្លះ ហាក់មានភាពទន់ខ្សោយនៅឡើយ។
ឯកឧត្ដមនាយបេសកកម្មបានមានប្រសាសន៍ថានៅក្នុងការកត់សម្គាល់របស់ប្រតិភូកីឡាករកីឡាការិនីកម្ពុជារបស់យើងចូលរួមស៊ីហ្គេមលើកនេះយើងឃើញថាអ្វីដែលយើងទទួលបានជាលទ្ធផល គឺយើងបានបំបែកឯកត្តកម្មចំនួនមេដាយច្រើនជាងកាលស៊ីហ្គេមមុនៗ។
រហូតមកដល់ពេលនេះយើងសរុបមេដាយដែលទទួលបាន គឺមានចំនួន ៦៣មេដាយ ដែលយើងមានមាស មានប្រាក់ មានសំរឹទ្ធក្នុងនោះយើងក៏បានឃើញមេដាយមាសរបស់យើង បានកើនឡើងរហូតដល់៩មេដាយ។ បើធៀបឆ្នាំ២០១៩ យើងបានតែ៤មេដាយមាសទេ។
អ្វីដែលយើងកត់សម្គាល់មួយទៀត គឺចំនួនមេដាយប្រាក់របស់យើងក៏ឡើងជា១០ដែរ គឺ១៣មេដាយប្រាក់។ហើយក្នុងចំណោម១៣មេដាយប្រាក់នេះយើងនឹងរុញវាឲ្យទៅជាមេដាយមាស សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ។
ចំនួនមេដាយ៦៣មេដាយនេះគឺយើងមានបំណងចង់រុញវាឲ្យទៅជាមេដាយមាសទាំងអស់ដែលសរុបខ្ទង់៥០ទៅ៦០នេះហើយ។ទាំងនេះជាយុទ្ធសាស្ត្រដែលយើងកំពុងតែធ្វើឲ្យ
មានសក្ដានុពលដោយក្នុងនាមម្ចាស់ផ្ទះធ្វើយ៉ាងណារៀបចំឲ្យដល់កម្រិតនៃការរៀបចំរបស់យើង។
ជាទូទៅយើងឃើញថាការវាយតម្លៃក៏ដូចជារៀបចំប្រកួតតាមបែបបច្ចេកទេសនៅប្រទេសវៀតណាមនេះយើងវាយតម្លៃជារួមថាគ្រប់ប្រភេទកីឡាដែលយើងបានមកចូលរួមប្រកួតនេះមានប្រភេទកីឡាខ្លះនៅទន់ខ្សោយនៅឡើយ គឺធ្លាក់នៅវគ្គជម្រុះដំបូងនៅឡើយ។
ក្នុងចំណោម ៣៣ប្រភេទកីឡា មាន២០ប្រភេទកីឡាបានឆ្លងផុតវគ្គជម្រុះហ្នឹងបានល្អ ហើយឈានទៅដល់ការប្រកួតប្រជែងយកមេដាយបើទោះប្រភេទកីឡាខ្លះមិនបានមេដាយក៏អាចឆ្លងផុតជុំទី១ ជុំទី២បានដែរ។
មាន២ភាគ៣ក្នុងចំណោមប្រភេទកីឡាទាំងអស់ដែលយើងអាចស្ថិតក្នុងកម្រិតប្រកួតប្រជែងជាមួយគេបាន។ដូច្នេះនៅសល់១ភាគ៣ទៀតដែលមិនទាន់ល្អនៅឡើយហើយយើងក៏បានមើលឃើញដែរនូវអ្វីដែលជាចំណុចខ្វះខាត និងអ្វីដែលជាចំណុចលេចធ្លោរបស់យើង ក្នុងការសម្រេចបានក្នុងទិសដៅរុញបន្ថែមឲ្យទទួលបានគុណផលក្នុងពេលឆាប់ៗបាន។
ឯកឧត្ដមបានបន្ថែមថាក្នុងនាមនាយបេសកកម្មបានវិភាគហើយអ្វីដែលជាចំណុចខ្វះខាតដែលត្រូវរៀបចំឡើងវិញ។បើនិយាយតាមបែបបច្ចេកទេសនិងការសង្កេតក្នុងនាមជាអ្នកជំនាញឯកទេសវិជ្ជាជីវៈកីឡា ឃើញថា កម្ពុជានៅមានភាពខ្វះខាតផ្នែកគុណភាពកម្លាំងកាយ៕