អូស្ត្រាលី និងកម្ពុជា រួមគ្នាធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុវត្ថិភាពក្នុងវិស័យសំណង់នៅកម្ពុជា
ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលី ភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមគ្នាដាក់ចេញឱ្យដំណើរការនូវគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅទីស្នាក់ការក្រសួង។
យោងតាមទិន្នន័យរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ លិខិតអនុញ្ញាតសាងសង់ជាង ៥៧ ០០០ ត្រូវបានចេញឱ្យការដ្ឋានសំណង់នៅទូទាំងប្រទេសកម្ពុជា។ តម្លៃប៉ាន់ស្មានទុនវិនិយោគសរុបនៅក្នុងវិស័យសំណង់នេះ មានប្រមាណជាជាង ៦៦ពាន់លានដុល្លាអាមេរិក និងវិស័យនេះ ផ្តល់ការងារជាមធ្យមប្រមាណជា ១៥០ ០០០នាក់ក្នុងមួយថ្ងៃ។ ការរីកលូតលាស់នៃវិស័យសំណង់ និងទីក្រុងយ៉ាងឆាប់រហ័សនេះ ទាមទារឱ្យមានការអភិវឌ្ឍ និងការអនុវត្តស្តង់ដារផ្លូវការនានាទាក់ទងនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ និងសុវត្ថិភាពនៅកន្លែងធ្វើការ។
គោលការណ៍ណែនាំនេះ ត្រូវបានចែកចេញជាបីផ្នែក ហើយគ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងទំនួលខុសត្រូវលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ការសង្គ្រោះបឋម និងការការពារកុមារ និងកម្មករវ័យក្មេង។ គោលការណ៍ណែនាំនេះ ក៏ផ្តល់ការការពារបន្ថែមដល់កម្មករសំណង់ជាស្ត្រី រួមទាំងនីតិវិធីសម្រាប់ការយល់ដឹង និងដោះស្រាយអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅតាមការដ្ឋានសំណង់។
ឯកសារគោលការណ៍ណែនាំ ដែលត្រូវបានអនុម័តនេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា។ គោលការណ៍ណែនាំនេះ មានភាពចាំបាច់សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ហើយត្រូវបានរៀបចំរួចរាល់ចំពេលវេលាស្របពេលដែលវិស័យសំណង់កំពុងរីកលូតលាស់ខ្លាំង។
ឯកឧត្តម ឯកអគ្គរាជទូត Pablo Kang បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលនៅថ្ងៃនេះ យើងបានដាក់ឱ្យដំណើរការឯកសារដ៏មានសារៈសំខាន់នេះ។ នេះ ជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពប្រជាជនកម្ពុជាដែលចូលរួមក្នុងវិស័យសំណង់ ដែលជាវិស័យមួយ ប្រកបទៅដោយសក្តានុពលនៅព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីផ្តោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពនៅការដ្ឋានសំណង់ គោលការណ៍ណែនាំនេះក៏គ្របដណ្តប់លើបញ្ហាសំខាន់ៗនានាផងដែរ ដូចជាសុវត្ថិភាពសាធារណៈ និងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាដើម”។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា “វិស័យសំណង់ គឺជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ក្នុងចំណោមសសរស្តមផ្សេងទៀតរួមមានវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ការដាក់ឲមានគោលការណ៍ណែនាំស្តីអំពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើរតួនាទីសំខាន់ណាស់ក្នុងការជួយកាត់បន្ថយហានិភ័យ និងធានាឱ្យបាននូវសុវត្ថិភាពប្រសើរនៅតាមការដ្ឋានសំណង់ និងទីតាំងក្បែរការដ្ឋានសំណង់នានា។ ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំដល់អ្នកវិនិយោគ និយោជក និងនិយោជិត បុគ្គល អង្គភាព និងស្ថាប័នពាក់ព័ន្ធនានា ឱ្យយកចិត្តទុកដាក់លើគោលការណ៍ណែនាំនេះ និងជួយអប់រំសមាជិកពាក់ព័ន្ធទាំងឡាយរបស់ខ្លួនអំពីគោលការណ៍ណែនាំនេះ និងសូមចូលរួមអនុវត្តគោលការណ៍ណែនាំនេះឲប្រកបដោយប្រសិទ្ធភាពខ្ពស់នៅការដ្ឋានសំណង់របស់ខ្លួនផង »។គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីកម្មវិធីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាកម្មវិធីឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្រ្តាលី ដែលមានទឹកប្រាក់សរុប ៥១,៧ លានដុល្លាអូស្រ្តាលី។ នៅខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះនឹងមានការរៀបចំឲ្យមានសិក្ខាសាលាផ្សព្វផ្សាយជាបន្តបន្ទាប់ ស្តីពីគោលការណ៍ណែនាំនេះ នៅ រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងសែនមនោរម្យ ។ សិក្ខាកាមជាង៥០០នាក់ ដែលរួមមានមន្រ្តីមកពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនសំណង់ឯកជន និងអ្នកពាក់ព័ន្ធនានា នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាអំពីតម្រូវការនានាលើផ្នែកសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដោយផ្អែកទៅលើឯកសារគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់នេះ៕