គម្រោងផលិតជីសរីរាង្គ ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មក ពីសាធារណរដ្ឋបារាំង នៅខេត្តសៀមរាបត្រូវបានបើកដ្ឋាន សាងសង់ជាផ្លូវការ
ខខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី នៅបន្ទប់ប្រជុំលេខ៣ សាលាខេត្ត លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសមជាមួយលោកស្រី Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) និងក្រុមការងារ ដោយមានការអញ្ជេីញចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាលរងក្រុងសៀមរាប លោក អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងក្រុុមការងារគម្រោង និងបន្តចូលរួមពិធីសម្ពោធការដ្ឋានសាងសង់អគារផលិតជីសរីរាង្គ ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោគ ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។ ជាមួយគ្នានេះ គម្រោងត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការដោយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស ហៅកាត់ថា SIAAP ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថា ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡេីង ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន ១,៧០០,០០០អឺរ៉ូ ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។ ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន 45ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន1000គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។
ក្នុងឱកាសនោះផងដែរ លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។
លោកបានបន្តថា ជីមមោគនេះ មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះ ធ្វើឱ្យដីនោះមានជីវជាតិអាចធ្វើឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់។ ហើយសម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល៕