រុស្ស៊ី និងចិនធ្វើសមយុទ្ធ បេសកកម្មឈ្លបយកការណ៍រួមគ្នា លើតំបន់អាស៊ី-ប៉ាស៊ីហ្វិក
រុស្ស៊ី៖៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពអាកាសរុស្ស៊ីបានធ្វើសមយុទ្ធបេសកកម្មឈ្លបយកការណ៍រួមគ្នា ជាមួយសមភាគីចិនជុំវិញតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រសួងបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95mc របស់រុស្ស៊ី និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Xian H-6 របស់ប្រទេសចិនបានល្បាតលើសមុទ្រចិនខាងកើត និងនៅសមុទ្រជប៉ុន។
ក្រសួងនិយាយថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីបានហោះហើរក្នុងរយៈពេល ១៣ម៉ោង។ យន្តហោះទម្លាក់គ្រាប់បែកច្រើនគ្រឿងត្រូវបានគេរាយការណ៍ថា ត្រូវបានហោះអមដោយយន្តហោះចម្បាំង Su-30sm ជាមួយនឹងយន្តហោះ F-2 របស់កូរ៉េខាងត្បូង និងយន្តហោះ F-15 របស់ជប៉ុន តាមដានការល្បាតនៅចំណុចជាក់លាក់នៃបេសកកម្មនេះ។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា បេសកកម្មនេះត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី-ចិនសម្រាប់ឆ្នាំ2022។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិកនិយាយថា សមយុទ្ធយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររួមគ្នាធ្វើឡើងដោយរុស្ស៊ី និងចិនបង្ហាញពីសម្ព័ន្ធភាពដ៏ស៊ីជម្រៅរបស់ប្រទេសទាំងពីរ។ យោងតាមមន្ត្រីសហរដ្ឋអាមេរិកបានឲ្យដឹងថា សកម្មភាពនេះកំណត់ជាសមយុទ្ធយោធារួមគ្នាលើកដំបូងដោយប្រទេសចិន និងរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូវាយលុកលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ហើយវាបានធ្វើឡើងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មកកាន់តំបន់នេះ៕