ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិភាក្សាអំពីប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រ ឆ្នាំ២០១៩ គឺភាគី​និយោជិតទារ​១៨៩ដុល្លារ រីឯភាគីនិយោជកឡើងដល់១៧៦ដុល្លារ

311


ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ បានបន្តរៀបចំកិច្ចប្រជុំ ក្រោមការដឹកនាំ លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស​ត្រី​ភាគី ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ ​ភា​គី​និយោជក បាន​យល់​ព្រម​ដំឡើង ​ពី ១៧៥ ដុល្លារ ទៅ ១៧៦ដុល្លារ​ ក្នុងមួយ​ខែ ជូន​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរស្បែកជើង ខណៈ​ភាគី​និយោជិត​ ក៏​បាន​ដក​ថយ​មួយ​ជំហាន ដោយ​បាន​កែ​សម្រួល​ការ​ទាមទារ​របស់​ខ្លួន​ ពី​១៩២​ដុល្លារ​ មក​ត្រឹម​១៨៩ដុល្លារវិញ។

ក្រុមការងារបច្ចេកទេសបានបន្តកិច្ចពិភាក្សា លើការអនុវត្តគោលនយោបាយផ្សេងៗ របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរ ពីការលើកកម្ពស់កម្រិតជីវភាពរស់នៅ ក៏ដូចជា ដើម្បីចូលរួមកាត់បន្ថយ ការចំណាយរបស់កម្មករនិយោជិត រួមមាន ការតបណ្តាញទឹកស្អាត និងអគ្គិសនីរដ្ឋ ដែលមានតម្លៃទាប ឱ្យដល់ទីកន្លែងស្នាក់នៅ ក៏ដូចជា ការពង្រឹងការអនុវត្តការទូទាត់ថ្លៃភ្លើង និងទឹករដ្ឋពីម្ចាស់ផ្ទះជួល។ ក្រុមការងារបច្ចេកទេស ក៏បានជជែកពិភាក្សាផងដែរ អំពី កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុគ្រោះនានា ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវបរិយាកាសវិនិយោគល្អ ជូនភាគីនិយោជក។ ជាលទ្ធផល តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត បានបង្ខិតតួលេខ ទៅតាមគោលជំហររបស់ខ្លួន អាចទទួលយកបាន។ ក្នុងនោះភាគីនិយោជក ក៏បានភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន ទៅភាគីរាជរដ្ឋាភិបាល ដើម្បីជួយបន្ធូរបន្ថយ បន្ទុកចំណាយរបស់ខ្លួន។

លោកប្រធានអង្គប្រជុំ បានសំណូមពរដល់ភាគីទាំងអស់ ពិចារណាឲ្យបានល្អិតល្អន់ ទៅលើតួលេខ ដែលបានលើកឡើង ហើយនៅតែមិនទាន់មានការឯកភាព ជាឯកច្ឆ័ន្ធ ដូច្នេះលោកប្រធាន បានទុកឱកាសសម្រាប់ភាគីនីមួយៗ ធ្វើការពិភាក្សាផ្ទៃក្នុងម្តងទៀត មុននឹងយកមកពិភាក្សាបន្ត នៅក្នុងក្រុមការងារបច្ចេកទេស នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ជាលើកចុងក្រោយ មុនឈានទៅដល់ការប្រជុំសម្រេច របស់គណៈកម្មការប្រឹក្សាការងារ៕

អត្ថបទដែលជាប់ទាក់ទង