អភិបាលខណ្ឌដង្កោ ចុះចែកប័ណ្ណសម្គាល់ សិទ្ធកាន់កាប់ប្រើបាស់ដីធ្លី ជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងស្វាយ និងភូមិរោលជ្រូក
ភ្នំពេញ៖ នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិរោលជ្រូក និងភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
លោក ប៊ិន សុឈី អនុប្រធានមន្ទីរទទួលបន្ទុកអនុវិស័យរដ្ឋបាលដីធ្លីបានឲ្យដឹងថាជាលទ្ធផលដែលគណះកម្មការរដ្ឋបាលទទួលបាន ចំនួនក្បាលដីសរុបក្រោយពេលបឹទផ្សាយមានចំនួន ៦៩៩ក្បាលដី ភូមិត្រពាំងស្វាយមានចំនួន ២៣៨ ភូមិរោលជ្រូកចំនួន៤៦១។ ចំនួនក្បាលដីដែលចេញប័ណ្ណមានចំនួន ៦២៤ប័ណ្ណ នៅភូមិត្រពាំងស្វាយចំនួន២០៨ប័ណ្ណ និងភូមិរោលជ្រូកចំនួន៤១៦ប័ណ្ណ។
ក្នុងឱកាសនោះលោក ស្រី គឹម ញឹប អភិបាលខណ្ឌដង្កោមានប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។
លោក ស្រី គឹម ញឹប បានគូសបញ្ជាក់ថា បណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ មានសារៈសំខាន់ណាស់ ព្រោះបញ្ជាក់ថាបងប្អូនប្រជាពលរដ្ធ ជាម្ចាស់កម្មសិទ្ធិដោយស្របច្បាប់។
លោកស្រីបានបន្ថែមថា ពេលទទួលបានបណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុ សូមបងប្អូនប្រជាពលរដ្ធរក្សាទុកដាក់ឱ្យបានត្រឹមត្រូវ ព្រោះបណ្ណនេះមានប្រយោជន៍ណាស់នៅពេល ដែលបងប្អូនត្រូវការទិញ-លក់ និងត្រូវការចាំបាច់នៅពេលណាមួយ ហើយនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៕