ប្រជាពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ ត្រេកអរពេល អាជ្ញាធរខណ្ឌមានជ័យ ចុះចែកប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុដល់ពួកគាត់
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និង លោកជា វង្សចិន្តា ប្រធានការិយាល័យដែនដីនគររូបនីយកម្មសំណង់ និង ភូមិបាលខណ្ឌមានជ័យ នៃរាជធានីភ្នំពេញដោយបានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៥២ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិមានជ័យ និង ភូមិមានជ័យ១ (ប្រឡាយស្ទឹងមានជ័យ) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនក្នុងការប្រើប្រាស់ព្រោះអីបានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋយើងគាត់ជាម្ចាស់កម្មសិទ្ធិដោយស្របច្បាប់។
ដូចនេះនៅពេលបងប្អូនបានទទួលជាផ្លូវការនៅពេលនេះពីអាជ្ញាធរនិងការិយាល័យជំនាញដោយចែកប័ណ្ណកម្មសិទ្ធិសម្គាល់លើអចលនវត្ថុស្នើរបងប្អូនទុកដាក់អោយបានត្រឹមត្រូវចៀសវាងខូចឬបាត់បង់ហើយប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុពិតជាមានសារៈប្រយោជន៍ខណៈពេលបងប្អូនត្រូវលក់ដូរឬយកទៅដាក់បញ្ចាំ។ល។និង។ល។