ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណែនាំអធិការនគរបាល ចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិ ,ត្រូវជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរទ្វេរដង

82


ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក អភិបាលខណ្ឌដង្កោ បានណែនាំដល់មន្ត្រីរាជការជំនាញលោកអធិការនគរបាលខណ្ឌ លោកនិងលោក ចៅសង្កាត់ មេប៉ុស្តិ៍ ប្រធានភូមិ ត្រូវធ្វើការប្តេជ្ញាចិត្ត បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរទ្វេរដង ទាំងលើផ្តល់សេវារដ្ឋបាល និងការងារភូមិសង្កាត់មានសុវត្ថិភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានបញ្ជាក់បែបនេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបុរី ក្នុងសង្កាត់ដង្កោ និងសង្កាត់ព្រៃស ដោយក្នុងនោះលោក បានធ្វើការផ្សព្វផ្សាយអំពីការផ្តល់សេវារបស់រដ្ឋបាលខណ្ឌតាមរយៈការិយាល័យច្រកចេញចូលតែមួយ ដែលផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានរហ័ស មានតម្លាភាព និងតម្លៃថោក។

ជាមួយគ្នានោះលោកអភិបាលខណ្ឌបន្តថា៖ចំពោះការធ្វើសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋរស់នៅតាមបុរី ដែលទើបផ្លាស់ប្តូរទីលំនៅ ហើយពុំទាន់មានសៀវភៅស្នាក់នៅ គឺ អធិការដ្ឋាននគរបាលខណ្ឌ នឹងចុះធ្វើជូនដោយពុំគិតថ្លៃ ហើយរាល់ការចំណាយគឺជាបន្ទុករបស់លោកអភិបាលខណ្ឌផ្ទាល់ ដើម្បីសម្រួលជូនបងប្អូនដែលរស់នៅតាមបុរីឆាប់បានប្រើប្រាស់។ចំពោះការកាត់ឈ្មោះកម្មសិទ្ធិផ្ទះ ពីម្ចាស់បុរីមកប្រជាពលរដ្ឋជាអ្នកទិញផ្ទះ រដ្ឋបាលខណ្ឌ នឹងរៀបចំជួយសម្រួលដល់បងប្អូនឲ្យបានឆាប់រហ័ស។
លោកអភិបាលបានបញ្ជាក់ទៀតថា៖អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចត្រូវសហការគ្នាលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន អធិការដ្ឋាននគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ភូមិ ត្រូវប្តេជ្ញាចិត្តរួមគ្នាអនុវត្តឲ្យបានល្អប្រសើរ នូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពង្រឹងការងារសន្តិសុខ និងទប់ស្កាត់បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ មិនឲ្យកើតមានឡើងផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខណ្ឌដង្កោនូវបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃក្រោមដំបូលសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។លោកអភិបាលខណ្ឌក៏បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដែលធ្វើឲ្យគណបក្សបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ ដែលនេះបង្ហាញពីការស្រលាញ់ និងពេញចិត្តការដឹកនាំរបស់សម្តេចតេជោ ដើម្បីសម្តេចបន្តការអភិវឌ្ឍ ប្រទេសឲ្យបានរីកចម្រើនបន្តទៀត។
ក្នុងឱកាសនោះដែរលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ក៏បានទទួលយក សំណើរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី យកមកដោះស្រាយបានទាន់ពេលវេលាជូនពួកគាត់ផងដែរ។
ជាកាឆ្លើយតបប្រជាពលរដ្ឋទាំងអស់ បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណចំពោះលោកអភិបាល អជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះការយកចិត្តទុកដាក់គិតគូរពីតម្រូវការរបស់ពួកគាត់ និងដោះស្រាយជូនបានទាន់ពេលវេលា។

អត្ថបទដែលជាប់ទាក់ទង