ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស១១នាក់ កំពុងបាត់ខ្លួន ខណៈ៣១នាក់ ត្រូវបានជួយសង្គ្រោះ ដោយសារលិចកប៉ាល់ នៅកណ្តាលសមុទ្រ ក្នុងប្រទេសឥណ្ឌូនេស៊ី

83

ឥណ្ឌូនេស៊ី៖ មន្ត្រីឥណ្ឌូនេស៊ី បាននិយាយថា មនុស្សចំនួន ៣១នាក់ត្រូវបានជួយសង្គ្រោះ ខណៈ១១នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់មួយគ្រឿងបានអស់ប្រេង និងបានលិចទៅក្នុងសមុទ្រ ក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ប្រធានក្រុមស្វែងរក និងជួយសង្គ្រោះក្នុងស្រុក លោក Djunaid បាននិយាយថា កប៉ាល់ដឹកអ្នកដំណើរ KM Ladang Pertiwi បានលិច ខណៈបានបើកកាត់ច្រកសមុទ្រ Makassar ក្នុងខេត្តស៊ូឡាវេស៊ីខាងកើត កាលពីថ្ងៃព្រហស្បតិ៍។

លោកបានបន្តថា រហូតមកដល់ពេលនេះមនុស្ស ៣១នាក់ត្រូវបានជួយសង្គ្រោះនៅរស់ ហើយក្រុមការងារនឹងបន្តស្វែងរកមនុស្ស ១១នាក់ទៀតដែលកំពុងបាត់ខ្លួន។

លោកបានបន្ថែមថា កប៉ាល់នេះមិនមានច្បាប់អនុញ្ញាតក្នុងការដឹកជញ្ជូនអ្នកដំណើរទេ ហើយទាំងប្រធានកប៉ាល់ និងម្ចាស់ត្រូវបាននាំយកទៅសាកសួរ។ មិនមានការកត់ត្រាចំនួនអ្នកដំណើរផ្លូវការណាមួយនោះទេ ប៉ុន្តែអាជ្ញាធរជឿថា មានមនុស្សចំនួន ៤២នាក់នៅលើកប៉ាល់ នៅពេលវាលិច។

គួរជម្រាបថា ហេតុការណ៍នេះបានកើតឡើងជារឿយៗនៅក្នុងដែនដីប្រជុំកោះមួយនេះ។ កាលពីខែឧសភាកន្លងទៅ សាឡាងដែលដឹកមនុស្សជាង ៨០០នាក់បានរត់ចូលចតក្នុងទឹករាក់នៃខេត្ត East Nusa Tenggara ហើយបានជាប់គាំងអស់រយៈពេលពីរថ្ងៃមុនពេលត្រូវបានគេរុញចេញ។ សំណាងល្អដែលគ្មាននរណាម្នាក់រងរបួស។

ក្នុងឆ្នាំ២០១៨ មនុស្សជាង ១៥០នាក់ បានលង់ទឹកស្លាប់នៅពេលដែលសាឡាងមួយបានលិចនៅក្នុងបឹងដ៏ជ្រៅបំផុតមួយរបស់ពិភពលោកនៅលើកោះស៊ូម៉ាត្រា៕

អត្ថបទដែលជាប់ទាក់ទង