ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើអ្វីទៅជាសាលាជំនាន់ថ្មី? , គ្រូនៅសាលាស៊ីសុវត្ថិ លើកបដាតវ៉ា គឺ រឿងផលប្រយោជន៍

197


លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី១៩ កញ្ញា ២០១៨ បានលើកឡើងថា សាលាជំនាន់ថ្មី បាននិងកំពុងដំណើរការយ៉ាងរលូន នៅលើទឹកដីខេត្តស្វាយរៀង ក្នុងអនុវិទ្យាល័យ គោកព្រីង ទទួលបានការពេញចិត្តរៀន និងបង្រៀនពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដោយសាលាជំនាន់ថ្មី មានគាំទ្រពីអង្គការជាតិ-អន្តរជាតិមួយចំនួន។ ក្រៅពីនេះគម្រោងសាលាជំនាន់ថ្មីនេះ​ ក៏កំពុងដាក់អោយដំណើរការជា បន្តបន្ទាបលតាមសាលាមួយចំនួនក្នុងប្រទេសផងដែរ​ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល​ អភិវឌ្ឍវិស័យអប់រំ​។

លោកស សុខា បានបន្ថែមថា សាលាជំនាន់ថ្មី មានការរៀបចំបង្ហាញ ភាពពិតជាក់ស្តែងដល់សិស្ស មានន័យថា រៀនទ្រឹស្តីហើយ គឺអនុវត្តផ្ទាល់តែម្តង ។ ជាងនេះ គេមានតាំងបង្ហាញពីរបៀបអនុវត្តផ្សេងៗ ដើម្បីឲ្យបានដល់គោលដៅឧទាហរណ៍ ៖ ដើម្បីបូមទឹកឡើងលើភ្នំ តើគេត្រូវប្រើមធ្យោបាយយ៉ាងណា?

លោកបន្តថា សាលាជំនាន់ថ្មី ក៏មានការផ្លាស់ប្តូរបទពិសោធន៍ គ្នារវាងអ្នកមានបទពិសោធល្អៗ មកធ្វើការចែករំលែកដល់សិស្សានុសិស្ស តាមរយៈសិក្ខាសាលានានា។

លោករដ្ឋលេខាធិការ បានថ្លែងថា អ្វីដែលកាន់តែពិសេសទៀតគឺ ការរៀបចំ ការតាំងការអនុវត្តជាក់ស្តែង ពិតជាបានធ្វើឲ្យសិស្សានុសិស្ស មានអារម្មណ៍រៀនសូត្រជាងធម្មតា ។ ឯលោកគ្រូ អ្នកគ្រូ ក៏មានទឹកចិត្តបង្រៀនដល់សិស្សយ៉ាងខ្លាំងក្លា ដោយសារតែមានការលើកទឹកចិត្ត ផ្តល់ប្រាក់ឧបត្ថម្ភសមរម្យ ផងដែរ។

ការបញ្ជាក់របស់លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អំពីតើអ្វីទៅជាសាលាជំនាន់ថ្មីនោះ
បន្ទាប់ពីមានការធ្វើបាតុកម្មពីលោកគ្រូ និងសិស្សានុសិស្សមួយចំនួន នៃសាលា វិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ជុំវិញការបង្កើតឲ្យមាន សាលាជំនាន់ថ្មី នៅក្នុង វិទ្យាល័យនេះ ។

បើតាមការលើកឡើង របស់ក្រុម លោកគ្រូ អ្នកគ្រូ ដែលចូលរួមធ្វើបាតុកម្ម  នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ បានបញ្ជាក់ថា ដោយបន្ទាប់ពីបង្កើតឲ្យមានសាលាជំនាន់ថ្មី នៅក្នុងវិទ្យាល័យ នេះមកវាហាក់ដូចជា វិទ្យាល័យនេះបែកជាពីរ  ហើយរាល់ការសំរេចអ្វីមួយ នាយកសាលា ជំនាន់ថ្មី មិនដែលឆ្លងកាត់នាយកវិទ្យាល័យ គឺឆ្លងទៅក្រសួងតែម្តង។ ឯការចូលរៀន របស់ សិស្ស វិញគឺខុសគ្នា គឺសិស្សវិទ្យាល័យ ព្រះស៊ីសុវត្ថិ ចូលម៉ោង ៧:០០ព្រឹក ឯសាលាជំនាន់ ថ្មី ចូលម៉ោង ៧:៣០ព្រឹក មានការវាយជួងពីរដង ជាដើម ។

តែបើមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកកាងារសាលាជំនាន់ថ្មី នេះសូមមិនបញ្ចេញឈ្មោះ បានប្រាប់ថា មូលហេតុគឺវាទាក់ទងទៅនឹង រឿងផល ប្រយោជន៍តែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា សាលាជំនាន់ថ្មី បង្កើតឡើង និងគ្រប់គ្រងដោយក្រសួងអប់រំ ដូចនឹងសាលា រដ្ឋនានាដែរ គ្រាន់តែសាលានេះមានការជួយឧបត្ថម្ភពីអង្គការជាតិ-អន្តរជាតិ មួយចំនួន និង បានរៀបចំការអនុវត្តផ្ទាល់ផ្សាភ្ជាប់នឹងទ្រឹស្តីព្រមទាំងការតាំង ភាពជាក់ស្តែង ដែលធ្វើអោយ សិស្សានុសិស្សចូលចិត្តរៀនសូត្រ លើសពីសាលាផ្សេងៗទៀតប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង