ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង ប្រជុំក្រុមប្រឹក្សាខណ្ឌប្រកាស តែងតាំងអតីតប្រធានផ្សារច្បារអំពៅ ជាអនុប្រធានផ្សារបឹងកេងកង និងប្រកាសតែងតាំង ស្មៀនសង្កាត់ទំនប់ទឹកបណ្ដោះអាសន្ន..!

84

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៦ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងមានការចូលរួមពី សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកងនាថ្ងៃនេះដោយលើកយករបៀបវារៈនៃកិច្ចប្រជុំមាន៖
ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
ទី២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

ទី៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែឧសភា ឆ្នាំ២០២២។
ទី៤. ពិនិត្យ និងអនុម័តប្រតិទិនកិច្ចប្រជុំសាមញ្ញ រយៈពេល១២លើក ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី៣៧របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងអាណត្តិទី៣។

ទី៥. ប្រកាសតែងតាំងស្មៀនបណ្តោះអាសន្នសង្កាត់ទំនប់ទឹក។
ទី៦. ប្រកាសតែងតាំងអនុគណៈកម្មាធិការផ្សារបឹងកេងកង និង ៧. បញ្ហាផ្សេងៗ ។

គួររំលឹកផងដែរថាលោកហួយ វីរៈ ដែលប្រកាសតែងតាំងជាអនុប្រធានផ្សារបឹងកេងកងនៅថ្ងៃនេះគឺអតីតលោកហួយ វីរៈ ជាប្រធានផ្សារច្បារអំពៅ ហើយក្រោយមកផ្ទេរភារៈកិច្ចពីប្រធានផ្សារច្បារអំពៅមកជានាយករងរដ្ឋបាលខណ្ឌមានជ័យថ្មីហើយក្រោយមកទៀតបានឡើងឋានៈជានាយករដ្ឋបាលខណ្ឌមានជ័យបានមួយរយះពេលខ្លីក៏ផ្ទេរភារៈកិច្ចទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ និង ពេលនេះមកបម្រើការងារជាអនុប្រធានផ្សារបឹងកេងកង។គិតទៅលោកហួយ វីរៈ គាត់បម្រើការងារច្រើនកន្លែងចឹងទំនងគាត់មានបទពិសោធន៍ការងារច្រើនហើយមើលទៅទើបថ្នាក់លើដោះដូរផ្ទេរការងារអោយគាត់រហូត៕

អត្ថបទដែលជាប់ទាក់ទង