សភាពការណ៍ទូទៅថ្ងៃទីដប់មួយ នៃការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
ភ្នំពេញ៖ គ.ជ.ប សេចក្តីប្រកាសព័ត៌មាន ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីដប់មួយ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីដប់មួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈោ្មះ បានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពី អ្នកបោះឆ្នោត។
ក្នុងថ្ងៃទីដប់មួយនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការហែក្បួន ការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ។ តាមការកត់សម្គាល់ នៅខេត្តព្រៃវែង គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពឃោសនាចំនួន ១១៦ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ ឃុំ សង្កាត់ គណបក្សសញ្ជាតិកម្ពុជា ចំនួន ១៤ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៦ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួន ចំនួន ៣ ឃុំ សង្កាត់ គណបក្សយុវជនកម្ពុជា ចំនួន ៤ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ២ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួន ចំនួន ១ ឃុំ គណបក្សប្រជាជនកម្ពុជា ចំនួន ១១៦ ឃុំ សង្កាត់ គណបក្សកម្ពុជានិយម ចំនួន ៨ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន ៧ ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ៥ ឃុំ សង្កាត់ គណបក្សឆន្ទៈខ្មែរ ចំនួន ៤ ឃុំ សង្កាត់ និងគណបក្សខ្មែរតែមួយ ចំនួន ១ ឃុំ។ ដោយឡែក នៅខេត្តឧត្តរមានជ័យ គណបក្ស ភ្លើងទៀន បានហែក្បួនចំនួន ២ ឃុំ ហើយគណបក្សប្រជាជនកម្ពុជា គណបក្ស ខ្មែរ រួបរួមជាតិ និងគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងនៅតាមភូមិក្នុងឃុំ សង្កាត់មួយចំនួន។
ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់មួយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើ ហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាព ឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំង សេចក្ដីណែនាំរបស់ គ.ជ.ប៕