លោក ណុប ចាន់ណារិន្ទ ៖ ហេតុអ្វីបានជា ប្រជាជនកម្ពុជា លើកទូលសន្តិភាព ដោយសារកម្ពុជា ធ្លាប់រងគ្រោះ និរាស្ត្រ ព្រាត់ ប្រាស់ ខ្ទេចខ្ទាំដោយសារសង្គ្រាម អស់ជិត៣ទសវត្ស និងអំពើប្រល័យពូជសាសន៍
ភ្នំពេញ៖ក្នុងឱកាសចុះជួបសំណេះសំណាស សួរសុខទុក្ខប្រជាជន នៅតាមលំនៅដ្ឋានក្នុងភូមិទាំង១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ បានលើកឡើងថាៈ ហេតុអ្វីបានជាប្រជាជនកម្ពុជា ត្រូវលើកទូលសន្តិភាព ឲ្យខ្ពស់ជាងអ្វីៗទាំងអស់ ?
នៅក្នុងចម្លើយយ៉ាងខ្លី លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា: ព្រោះកម្ពុជាធ្លាប់រងគ្រោះ និរាស្ត្រ ព្រាត់ប្រាស់ ខ្ទេចខ្ទាំដោយសារសង្គ្រាមអស់ជិត៣ទសវត្ស ដោយរាប់ទាំងវាលពិឃាតផងដែរ ។
លោក ណុប ចាន់ណារិន្ទ បន្តថា : ប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ អាយុជីវិតមនុស្សរាប់លាននាក់បានស្លាប់ដោយសារសង្គ្រាម និងរាប់លាននាក់ទៀតបានស្លាប់ ដោយសារការធ្វើទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ យ៉ាងអយុត្តិធម៌ ក្នុងកណ្តាប់ដៃពួកកាន់អំណាច នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
លោក ណុប ចាន់ណារិន្ទ ក៏បានរំលឹកជូនប្រជាជន ខណ:ដែលបានចុះដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនីមួយៗ នៃសង្កាត់ផ្សារថ្មីទី១ ទៀតថាៈ សោកនាដកម្មទាំងអស់ពិតជាកើតចេញដោយសារអ្នកនយោបាយខ្មែរក្រៅប្រទេស និងក្រុមខ្មែរមួយចំនួននៅក្នុងប្រទេស បានយកឥទ្ធិពលនយោបាយប្រតិកិរិយាពីបរទេស មកសាបព្រួសបំពុលសតិអារម្មណ៍ដល់ប្រជាជនយើងឲ្យរងគ្រោះ និងធ្វើឲ្យប្រទេសជាតិក្រឡាប់ចាក់ ចាប់តាំងពីរដ្ឋប្រហារនាថ្ងៃ១៨ មីនា ១៩៧០ របស់ក្រុមលន់ណុល ក្នុងការទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ដែលទើបតែតស៊ូទាមទារយកប្រទេសចេញផុតពីរបបអាណានិគមនិយមបាំរាំង បានត្រឹមតែបាន១៧ឆ្នាំតែប៉ុណ្ណោះ ( ១៩៥៣-១៩៧០ ) ។
លោក ណុប ចាន់ណារិន្ទ បានបន្តទៀតថា នេះជាចរិតឈ្នានីសរបស់បុគ្គលអ្នកនយោបាយល្មោភអំណាច លន់ ណុល និងបក្ខពួក ដែលរៀបចំអំពើក្បត់ជាតិ ហើយបានរត់ទៅពឹងពាក់បរទេស ឲ្យមកជួយខ្លួនដើម្បីសម្រេចបំណងនៃការចង់ឡើងកាន់អំណាច ដោយមិនគិតពីសេចក្តីសុខសាន្តរបស់ប្រជាជន និងផលប្រយោជន៍របស់ប្រទេសជាតិឡើយ។
លោក ណុប ចាន់ណារិន្ទ បានរៀបរាប់ប្រវត្តិទៀតថា: ដោយសារការដឹកនាំរបស់របបលន់ណុល ទាំងងងើល មិនបានប៉ុន្មានឆ្នាំផង មានរបបថ្មីមួយទៀតដែលដឹកនាំដោយពួកប៉ុលពត មកជំនួស ហើយត្រូវបានគេដឹងថា ជាក្រុមបញ្ញាវ័ន្តមកពីប្រទេសបារាំង និងក្រុមនៅក្នុងប្រទេសមួយចំនួនបានយកលទ្ធិនយោបាយបរទេសមករៀបចំជាប្រព័ន្ធ បំពុលសតិអារម្មណ៍ប្រជាជនខ្មែរជាថ្មីម្តងទៀត ឲ្យជឿលើមនោគមនយោបាយរបស់ពួកគេ ចូលរួមវាយប្រហារផ្តួលរំលំពួកលន់ណុលនាថ្ងៃ១៧ មេសា ១៩៧៥ ក្រោមលេសថា កំទេចពួកមូលធននិយម និងចក្រពត្តិនិយម ។
ពេលនោះប្រជាជនខ្មែរបានចេញមកអបអរសាទរ ដោយឈរលើស្មារតីសង្ឃឹមថា ពួកប៉ុលពត នឹងដឹកនាំប្រទេសមានសេចក្តីសុខសាន្ត ។ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ស្រាប់តែពួកវាបានបង្ខំឲ្យប្រជាជននៅទូទាំងប្រទេស ដែលរស់នៅទីក្រុងភ្នំពេញ និងទីប្រជុំជន ឲ្យចេញពីលំនៅដ្ឋានទាំងដៃទទេ ក្រោមលេសប្រឌិតព័ត៌មានក្លែងក្លាយថា ចេញតែបីថ្ងៃប៉ុណ្ណោះ ដើម្បីបោសសំអាតក្រុមលន់ណុល និងពួកចក្រពត្តិអាមេរិក ព្រោះអាមេរិកនឹងមកទំលាក់គ្រាប់បែក ។
ចុងបញ្ចប់ប្រជាជនកម្ពុជាបានខកចិត្តមិនអាចយកអ្វីដែលជាសិទ្ធិសេរីភាព របស់ខ្លួនមកវិញបានឡើយ ។ ព្រោះពាក្យថា ចេញតែបីថ្ងៃ បែរជាបីឆ្នាំ ៨ខែ និង២០ថ្ងៃ ។ ក្នុងរយ:ពេលនេះប្រជាជនកម្ពុជាស្លូតត្រង់ត្រូវបានពួកវាសម្លាប់ តាមរយ:ធ្វើទារុណកម្មបង្អត់អាហារ ការធ្វើពលកម្មលើសពីទាសករដាច់ថ្លៃ និងកាប់សម្លាប់ ក្រោមលេសចោទពីអំពើក្បត់អង្គការយ៉ាងព្រៃផ្សៃអស់ជាងបីលាននាក់ ដោយពួកខោអាវខ្មៅនេះប្រើពាក្យមួយម៉ាត់ថាបោសសម្អាត ។
លោក ណុប ចាន់ណារិន្ទ បន្តទៀតថា ឥឡូវនេះគ្រាដែលប្រជាជនកម្ពុជា កំពុងរស់នៅក្រោមដំបូលសន្តិភាព កើតចេញពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ស្រាប់តែមានពូជអ្នកក្បត់ជាតិ បានយកស្រមោលអន្ធកាលនេះមកបន្តយារយីសេចក្តីសុខសាន្តរបស់ប្រជាជនយើង ក្រោមលេសថា ប្រជាធិយតេយ្យ និងសិទ្ធិមនុស្ស និងបានអំពាវនាវឲ្យបរទេសដែលជាអាណាព្យាបាលឲ្យផ្តាច់ជំនួយ ឬការដកហូតភាពអនុគ្រោះពន្ធផ្សេងៗ ក្នុងគោលបំណងដាក់ទណ្ឌកម្មកម្ពុជា ក្រោមលក្ខណ្ឌឲ្យដើរតាមគេ ។
លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់បន្តថា: បច្ចុប្បន្ន ប្រវត្តិសាស្ត្រច្រំដែល បាននឹងកំពុងចង់មកលងប្រជាជនកម្ពុជា តាមរយ:ពូជសាវ:ក្បត់ជាតិក្នុងជំនាន់រាជានិយម កំពុងព្យាយាមមកបន្តនៅក្នុងទសវត្សថ្មីនេះ ដែលអាចនិយាយបានថា កំពុងមកព្យាយាមបន្តវេនអំពើក្បត់ជាតិ នឹងកំពុងឆ្លេឆ្លាទៅពឹងពាក់បរទេសដើម្បីជួយឲ្យខ្លួនបានកាន់អំណាចក្នុងរូបភាពប្រើប្រាស់មនោគមនយោបាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។
លោក ណុប ចាន់ណារិន្ទ បន្តថា:សន្តិភាពដែលយើងទទួលបានតាំងពីចុងឆ្នាំ១៩៩៨មក នេះ ពិតជាបានកើតចេញពីបេះដូងអ្នកស្នេហាជាតិ នៃកូនខ្មែរពិតៗ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលគ្មានប្រាថ្នាអ្វីក្រៅពីឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងឈរស្មើមុខស្មើមាត់ជាមួយប្រទេសជិត ខាង ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ៕
សំរិត