ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំជាមួយសហព័ន្ធជាតិ រកចំណុចខ្លាំង និងខ្សោយត្រៀមឆ្នាំ២០២៣

74

ភ្នំពេញ៖ល្ងាចថ្ងៃទី៣១ឧសភាម្សិលម៉ិញនេះគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានប្រជុំជាមួយបណ្ដាសហព័ន្ធកីឡាជាតិដើម្បីជជែកគ្នាស្វែងពីចិត្តសាស្រ្តរួមទាំងចំណុចខ្លាំងនិងចំណុចខ្សោយក្រោយបញ្ចប់ស៊ីហ្គេមលើកទី៣១នៅវៀតណាមដើម្បីពង្រឹងបច្ចេកទេសត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការ CAMSOCនិង
ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានិងជាអគ្គលេខាធិការរងCAMSOCព្រមទាំងបណ្ដាសហព័ន្ធជាតិនានា ។

សូមបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងតាមអនុសាសន៍ណែនាំរបស់សម្ដេចពីជ័យសេនាទៀ បាញ់ប្រធានCAMSOCនិងឯកឧត្តមបណ្ឌិតថោង ខុនអនុប្រធានអចិន្រ្តៃយ៍CAMSOC ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ២រួមមាន៖ទី១ការត្រៀមខ្លួនធ្វើសៀវភៅបច្ចេកទេស(Technical Handbook)ដើម្បីកំណត់នូវបទ
បញ្ជាការប្រកួតតាមប្រភេទកីឡានីមួយៗនិងទី២វែកញែកនិងស្វែងរកឲ្យឃើញនូវអ្វីដែលជា
ចិត្តសាស្ដ្រ ក៏ដូចជាចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ទៅលើរឿងបច្ចេកទេសដែលត្រូវញែកឲ្យបានច្បាស់អំពីអ្វីដែលជាចំណុចខ្វះខាតក្នុងការប្រកួតនេះ ហើយយកមកធ្វើជាមេរៀន និងបទពិសោធន៍ ក្នុងការរៀបចំយុទ្ធសាស្ដ្របច្ចេកទេស ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ក្រោយឆ្លងកាត់ការពិភាក្សានិងពិនិត្យម្ដងមួយចំណុចៗទៅលើអ្វីដែលជាការខ្វះខាត
ក្នុងការប្រកួតបច្ចេកទេសចិត្តសាស្ដ្រនិងការថែទាំសុខភាពកីឡាករជាដើមបានធ្វើឲ្យសហព័ន្ធទាំងអស់យល់កាន់តែច្បាស់អំពីភារកិច្ចរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ។ ពោលគឺភារកិច្ចទី១ ធ្វើយ៉ាងណាអភិវឌ្ឍន៍បច្ចេកទេសកីឡាករ-កីឡាការិនីឲ្យឈានដល់ស្ដង់ដារ និងអាចស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣ឲ្យបាននិងភារកិច្ចទី២សហព័ន្ធជាតិនីមួយៗត្រូវរៀបចំការប្រកួតតាមប្រភេទកីឡារបស់ខ្លួន ជាមួយសហព័ន្ធអន្ដរជាតិឲ្យរលូន ចប់ចុងចប់ដើម និងទទួលបានជោគជ័យ។

ឯកឧត្តមអគ្គលេខាធិការបន្ដថា ខាងផ្នែកបច្ចេកទេស ឯកឧត្តមនិងឯកឧត្តមអគ្គនាយក អ៊ុក សិទ្ធិជាតិ បានរួមគ្នា ធ្វើការជាមួយគ្នា ដើម្បីបញ្ជាក់ថា សហព័ន្ធទាំងអស់ ដែលគាត់មានភារកិច្ចទទួលខុសត្រូវហ្នឹង គាត់អាចធ្វើការបាន គាត់អាចទទួលបាននូវការងារ ដែលយើងបានដាក់ឲ្យគាត់។ ហេតនេះគាត់ត្រូវតែខិតខំប្រឹងប្រែង ធ្វើកិច្ចការ ២ នេះទី១ធ្វើយ៉ាងណាឲ្យកីឡាករមានសមត្ថភាពប្រកួតហើយទៅរកជោគជ័យបានទី២ត្រូវរៀបចំការប្រកួតរបស់ខ្លួនឲ្យបានជោគជ័យ ព្រោះការរៀបចំការប្រកួត នៃប្រភេទកីឡានីមួយៗ មិនមានអ្នកណាទៅធ្វើជំនួសបានក្រៅពីគាត់(សហព័ន្ធសាមី)ទេព្រោះគាត់ជាសមាជិកសហព័ន្ធអន្ដរជាតិ អ៊ីចឹងគាត់ត្រូវធ្វើ ហើយគាត់ត្រូវមានយុទ្ធសាស្ដ្រ ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីយកប្រៀប តែទទួលបានការកោតសរសើរជារួមពីអន្ដរជាតិ។

ចំពោះការងាររៀបចំសៀវភៅបច្ចេកទេស (Technical Handbook) វិញ CAMSOC បានជំរុញឲ្យសហព័ន្ធជាតិនីមួយៗត្រូវរៀបចំឲ្យបានរួចរាល់មុនកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំចន្លោះថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដែលជាកិច្ចប្រជុំចុងក្រោយ ដើម្បីធ្វើការកំណត់ប្រភេទកីឡា និងកំណត់វិញ្ញាសាចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង