ប្រធានសហព័ន្ធម៉ូតូទឹក អាស៊ីសរសើរកម្ពុជា
ភ្នំពេញ៖លោកSyaiFulihsanប្រធានសហព័ន្ធកីឡាម៉ូតូទឹកទ្វីបអាស៊ីបានសន្យាថាផ្ដល់អ្នកបច្ចេកទេសដើម្បីជួយប្រសិន បើកម្ពុជារៀបចំការប្រកួតកម្រិតអន្តរជាតិពិសេសស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗកន្លងមកនេះកម្ពុជាប្រជែងបានមេដាយមាសចំនួន៣ក្នុងចំណោមអត្តពលិកចំនួន៦០នាក់មកពី៤ប្រទេស ។
ជ័យជំនះនេះបានធ្វើឲ្យបណ្ដាប្រទេសអាស៊ានកោតសរសើរព្រមទាំងវាយតម្លៃថាទី
លានប្រកួតមានកម្រិតស្ដង់ដារអន្តរជាតិការរៀបចំល្អប្រសើររួមជាមួយកីឡាករមានសក្ដានុពលទៀតផង ។
លោកវ៉ា វណ្ណារាជ្យដែលជាអ្នកជំនាញម៉ូតូទឹកកម្ពុជាបញ្ជាក់ថាការអនុវត្តផ្ទាល់ជាមួយ
អ្នកជំនាញអន្តរជាតិធ្វើឲ្យអ្នកជំនាញកម្ពុជាយល់កាន់តែច្បាស់ពីបច្ចេកទេស ការពិនិត្យមើល
អាកាសធាតុការរៀបចំទីលានទាញពោងចងខ្សែទម្លាក់ក្នុងទឹក ការដាក់ពិន្ទុ រួមជាមួយការពិនិត្យពីបច្ចេកទេសម៉ាស៊ីន ។
ក្រោយពីបានទទួលបទពិសោធន៍បន្ថែមពីអ្នកជំនាញអន្តរជាតិលោកបានអះអាងថា
ការរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាចុងឆ្នាំនេះកម្ពុជានឹងប្រើប្រាស់អ្នកជំនាញបរទេសឲ្យតិចបំផុត ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តព្រះសីហនុ មានកីឡាករ៦០នាក់ មកពី៤ប្រទេសចូលរួម។ ជាលទ្ធផល លេខ១បានទៅប្រទេសថៃ ដែលដណ្តើមបានមេដាយសរុប ១២គ្រឿង មាស៤ ប្រាក់៤ និងសំរិទ្ធ៥គ្រឿង។ លេខ២បានមកកម្ពុជាដែលដណ្តើមបានមេដាយសរុប ៨គ្រឿង មាស៣ ប្រាក់២ និងសំរិទ្ធ២ ហើយលេខ៣គឺម៉ាឡេស៊ីដណ្តើមបានមេដាយប្រាក់១គ្រឿង។
បើតាមការបញ្ជាក់របស់ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣។ទី១វាស់ស្ទង់សមត្ថភាពអត្តពលិកនិងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ ទី២ វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធត្រៀមធ្វើជាម្ចាស់ផ្ទះ នៅកម្ពុជា ឆ្នាំ២០២៣ និងទី៣ ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា។ជាពិសេសបង្ហាញពីការចាប់ផ្តើមស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩៕