អ្នកវិនិយោគិនបារាំង កំពុងសម្លឹងមើល ពីឱកាសវិនិយោគបន្ថែម ក្នុងទីផ្សារកម្ពុជាយ៉ាងច្រើន
ភ្នំពេញ៖ អ្នកវិនិយោគិនបារាំង កំពុងសម្លឹង
មើលពីឱកាសវិនិយោគបន្ថែមក្នុងទីផ្សារកម្ពុជាយ៉ាងច្រើន ដោយផ្តោតលើវិស័យធំៗដូចជា វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យថាមពលបៃតងជាដើម ខណៈបារាំងជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានមកវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
លើកឡើងនៅក្នុងសន្និសីទិសារព័ត៌មាន ស្ដីពី វេទិកាធុររកិច្ចបារាំង-កម្ពុជា នាថ្ងៃទី ០២ ខែមិថុនា ២០២២ លោក Philippe Bandry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនជាង ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថា នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ធុររកិច្ចបារាំង-កម្ពុជានាថ្ងៃទី៩និង១០ ខែមិថុនានេះ ដើម្បីឲ្យអ្នកធុរកិច្ចបារាំង មកសិក្សាស្វែងយល់អំពីវិស័យសក្តានុពល នៅក្នុងប្រទេសកម្ពុជា ហើយនឹងអាចឈានមកវិនិ យោគ នាពេលខាងមុខ។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានឲ្យដឹងបន្ថែមថា វិស័យដែលមានសក្តានុពល សម្រាប់ធុរកិច្ចបារាំងនៅកម្ពុជា រួមមាន៖ វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង, វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យថាមពលបៃតងជាដើម។
ប្រទេសបារាំង ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាក្នុងនោះ បើតាមការស្ទង់មតិមួយ បានបង្ហាញថា មានក្រុមហ៊ុនបារាំងប្រមាណជា ៥០០ក្រុមហ៊ុន បាននិងកំពុងរកស៊ីនៅកម្ពុជា ដែលជាប្រភេទអាជីវកម្មខ្នាតតូច ធំ និងមធ្យម ។
លោក Arnaud Darc បានឲ្យដឹងបន្តថា វិស័យធុរកិច្ចបារាំងនៅកម្ពុជា មិនមានភាពទន់ខ្សោយនោះទេ ទោះបីជាមិនមានភាពលេចធ្លោខ្លាំង ដូចប្រទេសចិនក៏ដោយ។ ប្រទេសចិន បាននិងកំពុងវិនិយោគខ្លាំងលើហេដ្ឋរចនាសម្ព័ន្ធ និងសំណង់អគារខ្ពស់ៗ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អ្នកធុរកិច្ចបារាំង ក៏បានចូលរួមចំណែកច្រើនដែរ នៅក្នុងការវិនិយោគនៅកម្ពុជា តែជាការចូលរួមពីខាង ក្រោយ ដោយជាឧទាហរណ៍ ក្រុមហ៊ុនចិនមកវិនិយោគមែន តែ វិស្វករ ឬស្ថាបត្យករ ជាជនជាតិបារាំង ឬក្រុមហ៊ុនបារាំងជាដើម។
សូមបញ្ជាក់ថា៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជានិងគណៈកម្មា ធិការទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា នឹងរៀបចំកម្មវិធី វេទិកាធុរកិច្ចបារាំង-កម្ពុជា ជាលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី៩ និងទី ១០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕ . សំរិត