ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គនាយកអង្គការ UPF ជួបសម្តែងការគួរសម

212

 

ភ្នំពេញ ៖  នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបដាច់ដោយឡែកមួយទៀត ជាមួយឯកឧត្តមបណ្ឌិត យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ស្អែកនេះ។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត Yun Young Ho អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) មានប្រសាសន៍ថា តាមរយៈប្រវត្តិរូបរបស់សម្តេចតេជោ ដែលបានផ្សព្វផ្សាយនៅក្នុងពេលនៃការទទួលពានរង្វាន់ស៊ុនហាក់ ក្នុងប្រទេសកូរ៉េ កាលពីពេលកន្លងទៅ បានធ្វើឲ្យមានការចាប់អារម្មណ៍ និងស្ញប់ស្ញែងយ៉ាងខ្លាំងនៅទូទាំងពីភពលោក ពោលគឺសម្តេចតេជោបានឆ្លងកាត់ និងជំនះនូវរាល់បញ្ហាយ៉ាងច្រើន ដើម្បីរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្រ្គាមផ្ទៃក្នុង នាំមកជូនប្រជាជនកម្ពុជា នូវសុខសន្តិភាព ប្រទេសមួយមានជាតិសាសន៍តែមួយ វប្បធម៌តែមួយ មិនតែប៉ុណ្ណោះនាំជូនប្រជាជនកម្ពុជា នូវស្ថេរភាព និងការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស ពិសេសការជំនះបាននូវរាល់ឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា រូបលោកពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានអញ្ជើញមកចូលរួមជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តមបានសុំនូវទស្សនៈរបស់សម្តេចតេជោ ធ្វើយ៉ាងណាឲ្យសម្ព័ន្ធសន្តិភាពសកល ដើរតួនាទីកាន់តែសំខាន់ ក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោក។

ជាការឆ្លើយតប សម្តេចតេជោមានប្រសាសន៍ ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានទទួលការអញ្ជើញមកចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅកម្ពុជា ដែលជាកត្តាជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ចំពោះករណីសម្ព័ន្ធសន្តិភាពសកល សម្តេចតេជោមានប្រសាសន៍ថា គម្បីណាមានការជួបជុំគ្នារវាងឥស្សរជនជាន់ខ្ពស់ និងអ្នកវាយតម្លៃធ្វើការសម្របសម្រួល ធ្វើការជាមួយអង្គការផ្សេងៗ លើបញ្ហាសន្តិភាព មិនសម្រាប់តែអាស៊ីប៉ាស៊ីហ្វីកទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល ជាពិសេសចូលរួមចំណែកក្នុងកិច្ចការពិភពលោក ក្នុងពេលបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង