ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ម៉ាក និងត្រីភាគី នឹងបង្កើតអនុសញ្ញារួម ដើម្បីធ្វើឱ្យកាន់ប្រសើរឡើងនូវវិស័យកាត់ដេរនៅកម្ពុជា

124


ភ្នំពេញ៖ ជំនួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងពាណិជ្ជ នាមសម្លៀកបំពាក់ល្បីៗ លើពិភពលោក លោករដ្ឋមន្ត្រីក្រសួងការងារ​ បានស្នើឱ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឱ្យកាន់តែប្រសើរឡើង សម្រាប់កម្មករនិយោជិតនៅកម្ពុជា ដូចជា ការធានាឱ្យនិយោជក និងអ្នកបញ្ជាទិញទាំងឡាយ គាំទ្រមកដល់កម្មវិធីរបបសន្តិសុខសង្គម ដែលទាក់ទងនឹងការធានារ៉ាប់រងហានិភ័យការងារ ការថែទាំងសុខភាព ហើយនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តនូវរបបសោធននិវត្ត។ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យបញ្ចូលកម្មវិធីផ្សេងទៀត ដូចជា គម្រោងសុវត្ថិភាពចរាចរណ៍ ​បញ្ហាអនាម័យ ​និងសុខភាព ដើម្បីទប់ស្កាត់ករណីដួលសន្លប់ ចំពោះកម្មករនិយោជិត ក្នុងរោងចក្រនានា ជាដើម។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា នៅអំឡុងពេលនេះ ម្ចាស់ពាណិជ្ជនាម (ម៉ាកយីហោ) សម្លៀកបំពាក់ល្បីៗលើពិភពលោក រួមជាមួយភាគីរាជរដ្ឋាភិបាល និយោជក និងសហជីព ក៏ដូចជាភាគីពាក់ព័ន្ធ កំពុងពិភាក្សាគ្នាលើគម្រោងបង្កើតអនុសញ្ញារួមមួយ ក្នុងគោលបំណងធ្វើឱ្យកាន់ប្រសើរឡើងនូវវិស័យកាត់ដេរ ក្នុងនោះការធានាការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជា ក៏ជាគោលបំណងសំខាន់មួយដែរ។

លោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងពាណិជ្ជ នាមសម្លៀកបំពាក់ល្បីៗ លើពិភពលោក ដឹកនាំដោយលោក Frank Hoffer នាយកប្រតិបត្តិគំនិតផ្ដួចផ្ដើម នៃគម្រោងសកម្មភាពដើម្បីការប្រែប្រួលផ្នែកលក្ខខណ្ឌការងារ ក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ (ACT) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

លោកអ៊ិត សំហេង បានឱ្យដឹងថា ការពិភាក្សាគ្នានៅថ្ងៃនេះ គឺផ្តោតទៅលើអ្វីដែលជាវឌ្ឍនភាពរបស់គម្រោង ACT ដែលបានអនុវត្តក្នុងរយៈពេលកន្លងមកនោះ។ គោលដៅនៃគម្រោងនេះ គឺដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងរួមគ្នាមួយ ឬហៅថា «អនុសញ្ញារួម» នៅក្នុងក្របខណ្ឌរោងចក្រ និងនៅក្នុងវិស័យ (លើក្របខណ្ឌរោងចក្រ)។

ចំពោះការពិភាក្សាគ្នាអំពីអនុសញ្ញារួមនេះ គឺធ្វើយ៉ាងណាទាក់ទាញដៃគូពាក់ព័ន្ធនានា ចូលរួមឱ្យបានកាន់តែច្រើន រួមទាំងអ្នកបញ្ជាទិញទាំងឡាយផងដែរ ពីព្រោះប្រសិនបើមានការឯកភាពក្នុងការរៀបចំអនុសញ្ញារួមនេះ អ្នកបញ្ជាទិញក៏ត្រូវធានាថានឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយអ្នកផ្គត់ផ្គង់នៅប្រទេសកម្ពុជា រយៈពេលវែងតទៅមុខទៀត អាចរហូតដល់ ៤ឆ្នាំ ឬ ៥ឆ្នាំ ឬច្រើនជាងនេះ។

លោកអ៊ិត សំហេង បានបង្ហាញនូវសុទិដ្ឋិនិយមថា ទៅថ្ងៃអនាគត គម្រោង ACT នេះ នឹងបន្តការពិភាក្សាគ្នាបន្តទៅទៀត ដើម្បីឈានទៅសម្រេចបាននូវការចុះអនុសញ្ញារួមមួយ ដូចមានរៀបរាប់នៅខាងលើ។

គួរជម្រាបថា គម្រោង ACT គឺជាកិច្ចព្រមព្រៀងថ្មីមួយរវាងម្ចាស់ម៉ាកកម្រិតពិភពលោកមួយចំនួន អាជីវករលក់រាយ និងសហជីពមួយចំនួន ដើម្បីផ្លាស់ប្តូរឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងសម្រេចបានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករនិយោជិត តាមរយៈការចរចាជាសមូហភាពនៅថ្នាក់វិស័យ ដោយភ្ជាប់ជាមួយនឹងការគាំទ្រក្នុងការកែសម្រួលបែបបទនៃការបញ្ជាទិញ និងម្ចាស់ម៉ាក។

គោលបំណងរបស់ ACT គឺការប្តេជ្ញាចិត្តកម្រិតអន្តរជាតិ ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យនៅក្នុងវិស័យមួយ ដោយបានបង្កើតឱ្យមានជាក្របខណ្ឌមួយ ដែលគ្រប់ភាគីពាក់ព័ន្ធ រួមមាន ម្ចាស់ម៉ាក និងអាជីវករលក់រាយ សហជីព រោងចក្រ សហគ្រាស និងរាជរដ្ឋាភិបាល អាចអនុវត្តទំនួលខុសត្រូវ និងតួនាទីរបស់ខ្លួន ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យ៕

អត្ថបទដែលជាប់ទាក់ទង