ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យកើត អគ្គិភ័យឆាបឆេះ សិប្បកម្មកែច្នៃថង់
ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើត អគ្គិភ័យឆាបឆេះសិប្បកម្មកែច្នៃថង់ មួយកន្លែង ព្រមទាំងឆេះបំផ្លាញសម្ភារៈអស់មួយចំនួន ហើយសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ ១៧ឡាន ទើបបាញ់បានរលត់ទាំងស្រុងនៅនាវេលាម៉ោង ៤៖២០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២២នេះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងខាងលើនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិឫស្សី ក្រុម១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍គ្រោះអគ្គិភ័យខាងលេីនេះរួចមក ភ្លាមៗនោះ លោកបានបញ្ជរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ ដេីម្បីជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ។
ដោយនៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យេីងប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៧គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន ១៣គ្រឿង ប្រេីប្រាស់ទឹកអស់ ១៣ឡាន ស្មេីរនឹង ៥២ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យជំនួយមកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើរនឹង ១៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងរថយន្ត កងពលតូចលេខ៧០ ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹក។
លោកវរសេនីយ៍ឯក បានបន្តទៀតថា ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺពុំបណ្តាលឲ្យមានអ្នករងរបួសនោះឡេីយ ដោយគ្រាន់តែខូចខាតម៉ាស៊ីនកិនថង់ផ្លាស្ទីកចំនួន ២គ្រឿង និងថង់ប្រើប្រាស់អស់មួយចំនួនតែប៉ុណ្នោះ៕