ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនត្រូវចោទ កឹម សុខា ត្រូវបានដាក់ឱ្យស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ ពុំមែនជាករណី នៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ

69


ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ថា លោក កឹម សុខា ត្រូវបានលោកគី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសឲ្យវិធានការនាំការឃុំខ្លួនជាបណ្តោះអាសន្ន។

យោងតាមដីការសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការចុះថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ គី ឫទ្ធី, ការសម្រេចនេះ គឺផ្អែកមួយផ្នែកលើហេតុផលផ្នែកសុខភាព របស់ជនត្រូវចោទ។ ផ្អែកតាមដីកាសម្រេចនេះ លោកកឹម សុខា ក្នុងឋានៈជាជនត្រូវចោទក្នុងសំណុំរឿងក្តីនៅតុលាការ ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបានដាក់ជាប់កាតព្វកិច្ចមួយចំនួន ដើម្បីបម្រើឲ្យចំណាត់ការនីតិវិធីបន្ត លើសំណុំរឿងដោយចៅក្រម។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ករណីជនត្រូវចោទឈ្មោះ កឹម សុខា ដែលត្រូវបានដាក់ឱ្យស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ ពុំមែនជាករណី នៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ។ ទន្ទឹមនឹងនេះ ការសម្រេចរបស់ចៅក្រមស៊ើបសួរ ក្នុងការហាមឃាត់ ជនត្រូវចោទឈ្មោះ កឹម សុខា មិនឱ្យចាកចេញ ពីព្រំប្រទល់ដែនដីណាមួយ ជាកំណត់ គឺជាសិទ្ធិអំណាចរបស់ចៅក្រមស៊ើបសួរ ដែលធ្វើឡើងស្របតាម មាត្រា២២៣ កថាខណ្ឌទី២ ចំណុចទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយផ្អែកលើហេតុផល ផ្នែកសន្តិសុខសុវត្ថិភាព របស់ជនត្រូវចោទ និងដើម្បីធានាថា ជនត្រូវចោទនឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ។ ក្នុងន័យនេះ ជនត្រូវចោទមានសេរីភាពគ្រប់គ្រាន់ ក្នុងការចេញពីផ្ទះរបស់ខ្លួនក្នុងព្រំប្រទល់ដែនដី ដែលកំណត់ដោយដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យទាក់ទងជាមួយបុគ្គលនានា ដែលមិនស្ថិតនៅក្នុងក្របខ័ណ្ឌបញ្ជីនៃការហាមឃាត់របស់តុលាការបាន គឺបុគ្គលដែលអាចមានការពាក់ព័ន្ធនឹងសំណុំរឿងជាមួយជនត្រូវចោទ ហើយដែលតុលាការកំពុងមានចំណាត់ការ។ ហេតុផលផ្នែកសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនត្រូវចោទឈ្មោះ កឹម សុខា គឺជារឿងសំខាន់ ដែលចាំបាច់ត្រូវមានការចូលរួមសហការគ្នាជាមុន រវាងសមត្ថកិច្ចតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធនានា បូករួមនឹងការចូលរួមរបស់ភាគីជនត្រូវចោទផងដែរ ដើម្បីចៀសវាងយថាភាពអាក្រក់ណាមួយ ផ្នែកសុវត្ថិភាពលើរូបជនត្រូវចោទកឹម សុខា ពីតួអង្គខាងក្រៅ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។

គួរបញ្ជាក់ផងដែរថា បើតាមសុន្ទរកថារបស់លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ថ្លែងទៅកាន់សម័យប្រជុំសភាអឺរ៉ុប ស្តីពីករណីរំលោភបំពានសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជា​: យើងចង់ឲ្យភាពជាដៃគូនេះបន្តទៅទៀត ប្រយោជន៍បន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ប៉ុន្តែវាត្រូវតែច្បាស់ថារដ្ឋាភិបាលត្រូវតែកែប្រែនិន្នាការថ្មីៗ បើពុំនោះទេភាពជាដៃគូនេះមិនអាចទៅរួចឡើយ។ ការដោះលែងក្រៅឃុំថ្មីៗនៃលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង គឺជាជំហានដំបូងមួយដែលវិជ្ជមាន ទោះបីលោកត្រូវបានដោះលែងស្ថិតក្រោមលក្ខខណ្ឌរិតត្បិតខ្លាំងក៏ដោយ។ ឥឡូវនេះ យើងរំពឹងឲ្យមានការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ និងការដកចេញនូវការរិតត្បិតទាំងអស់ចំពោះលោក ហើយយើងស្នើរនាយករដ្ឋមន្រ្តី (នៃកម្ពុជា) និងមេដឹកនាំនៃគណបក្សប្រឆាំងរូបនេះ ចាប់ផ្តើមការសន្ទនាមួយជាមធ្យោបាយឆ្ពោះទៅមុខ”។ យើងជំរុញឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលបទចោទប្រកាន់ ជាចេតនា នយោបាយប្រឆាំងសកម្មជននយោបាយ ដែលនៅសេសសល់ទាំងអស់ និងលុបចោលបំរាម ធ្វើនយោបាយសម្រាប់សមាជិកប្រឆាំងចំនួន ១១៨នាក់។ ក្រុមប្រឹក្សាមូលដ្ឋាន(ក្រុមប្រឹក្សាឃុំ)ដែលត្រូវបានបោះឆ្នោតជ្រើសរើស នៅខែមិថុនា កាលពីឆ្នាំមុន ត្រូវតែស្តារនីតិសម្បទាឡើងវិញ។ យើងក៏ស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យធានាដល់ការវិលត្រឡប់ ដោយសុវត្ថិភាព នៃអ្នកនយោបាយប្រឆាំងនិរទេស សកម្មជនសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សទាំងអស់ ដែលបានរត់ភៀសខ្លួនដើម្បីគេចផុតពីការចាប់ខ្លួន។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសបន្ដ​អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី បានអះអាងថា លោក កឹម សុខា មិនទាន់រួចទោសណាមួយទាំងអស់ ពោលគ្រាន់តែប្ដូរកន្លែងឃុំខ្លួនប៉ុណ្ណោះ ដោយក្នុងហេតុផលមនុស្សធម៌។ ​ការនាំលោក កឹម សុខា មកដាក់នៅក្នុងផ្ទះ ជាការសម្រេចរបស់តុលាការ ដើម្បីបន្ធូរបន្ថយបន្តិច មិនមានសម្ពាធណាមួយនោះឡើយ សូមមហាជនកុំភ័ន្ដច្រឡំ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំនិយាយបន្ដិចដើម្បីឲ្យអ្នកទាំងឡាយភ្លឺភ្នែក ថ្ងៃមុនសម្ដេចក្រឡាហោម ស ខេង បាននិយាយម្ដងហើយ ប៉ុន្ដែថ្ងៃនេះខ្ញុំគាត់តែបញ្ជាក់ អត់ទាន់រួចទោសទាំងអស់ គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ ក្រែងលោវាងាប់ក្នុងគុក វាបង្កើតរឿងដល់រាជរដ្ឋាភិបាល ចឹងក្នុងគោលដៅមនុស្សធម៌ និងរក្សាសុវត្ថិភាពពិរុទ្ធជន។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មិនទាន់មានច្បាប់ឃុំខ្លួននៅក្នុងផ្ទះនោះទេ ដូច្នេះតុលាការ គ្រាន់តែកំណត់តំបន់មួយ​ឲ្យអ្នកដែលត្រូវ ជាប់ឃុំនោះស្នាក់នៅ ហើយតុលាការអាចកំណត់ឲ្យនៅក្នុងផ្ទះតែម្ដង។ ​សម្តេចតេជោ ហ៊ុន សែន ថា អាចនឹងមានការពិចារណាក្នុងទិដ្ឋភាពច្បាប់រៀបចំឲ្យមានការឃុំខ្លួនមនុស្សនៅក្នុងផ្ទះ ព្រោះកន្លែងនេះអាចជាការខ្វះចន្លះនៅពេលរៀបចំច្បាប់។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះបរទេសណាទាំងអស់ ដែលចង់មកកៀបកម្ពុជា​ព្រោះកម្ពុជាមានសិទ្ធិជាម្ចាស់ការលើខ្លួនឯង។ បរទេសអាច​មកពន្យល់កម្ពុជាបាន ហើយ​កម្ពុជាក៏មានសិទ្ធិគ្រប់គ្រាន់ ក្នុងការពន្យល់ត្រឡប់ទៅវិញដូចគ្នាដែរ ព្រោះប្រទេសនីមួយៗមានហេតុ និងផលផ្សេងៗពីគ្នាទាំងអស់ មិនអាចអាងខ្លួនជាប្រទេសធំចង់កៀបកម្ពុជាបានឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវរក្សាអធិបតេយ្យ និង​ឯករាជ្យរបស់យើង គ្មានអ្នកណាមកបញ្ជា យើងបាននោះទេ ហើយប្រសិនយើងឱនក្បាលមួយពេល ជំពាក់ត្រូវឱន១០០ពេលតទៅទៀត ខ្ញុំមិនឱនក្បាលដាក់អ្នកណាទាំងអស់ៗ៕

អត្ថបទដែលជាប់ទាក់ទង