ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រកាសគោរមងារវិទ្យាសាស្ត្រ​ និងគោរមងារកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់៨រូប នៃរាជបណ្ឌិត្យសភាកម្ពុជា

142


ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសគោរមងារវិទ្យាសាស្ត្រ​ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប ដែលពិធីនេះ ធ្វើឡើងនៅវិមានសន្តិភាព​ រា​ជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់ទាំង៨រូប ដែលព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា នាពេលនេះរួមមាន៖ លោក ​អគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត​ នេត​ បារ៉ុម , បណ្ឌិតសភាចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ​ ណាត ប៊ុនរឿន ​រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោក កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ​ប្រធានកិត្តិយស​ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​, លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា, លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និងលោក កិត្តិសេដ្ឋាបណ្ឌិត ចម ​ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ ពិតជាសប្បាយរីករាយខ្លាំងដែលបានអញ្ជើញជាអធិបតី​ ក្នុងការប្រកាសគោរមងារ ដល់មន្ត្រីនៃរាជរដ្ឋាភិបាលនៅពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ ចំពោះមន្ត្រីជាន់ខ្ពស់ចំនួន៨រូប ដែលត្រូវបានព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហមុនី បានប្រោសប្រទាន ផ្តល់គោរមងារនាពេលនេះ។ តាមរយៈការផ្តល់គោរមងារនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ ជាការជំរុញលើកទឹកចិត្តដល់ឥស្សរជនបញ្ញជនជាតិ ដែលបានខិតខំក្នុងក្នុងការសិក្សាស្រាវជ្រាវវិទ្យសាស្ត្រផ្សេងៗ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសាន៍ទាក់ទងទៅ នឹងបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលបានកើតឡើង នៅលើពិភពលោកក្នុងពេលថ្មីៗនេះ ដែលសង្គ្រាមពាណិជ្ជកម្មនេះ អាចនឹងជះឥទ្ធិពលដល់កម្ពុជា។​ ទន្ទឹមនឹងនេះសម្តេចតេជោ​ បានទាមទាឲ្យអ្នកស្រាវជ្រាវទាំងឡាយមានការស្រាវជ្រាវសិក្សាពីបញ្ហានេះ​ ជាពិសេសរាជបណ្ឌិតសភាកម្ពុជា​ និង​ បញ្ញាវន្តដែលទទួលបានគោរមងារក្នុងថ្ងៃនេះ​ ក៏ដូចជានិស្សិតតាមបណ្តាលសាកលវិទ្យល័យនានា​ ក៏ត្រូវចូលរួមក្នុងតាមដាន ការស្រាវជ្រាវបញ្ហាខាងលើនេះដោយយកចិត្តទកដាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ ក្នុងកិច្ចការសិក្សាស្រាវជ្រាវវិទ្យសាស្ត្រផ្សេងៗ។​ តួនាទី​ រាជបណ្ឌិត្យសភាកម្ពុជា ពិតជាមានសារសំខាន់ណាស់ សម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបង្កើតនូវបញ្ញាវន្ត ដែលជាខួរក្បាលរបស់ជាតិដ៏សំខាន់ៗ សម្រាប់អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់មន្ត្រីដែលទទួលបានគោរម ក្នុងថ្ងៃនេះទាំងអស់ សូមទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀត។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោ បានអញ្ជើញផ្តល់កិត្តិយសបំពាក់ឯកសណ្ឋាន​ និងស្លាកឈ្មោះជូនដល់មន្ត្រី ដែលទទួលគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាទាំង ៨រូប និងបានអញ្ជើញថតរូបអនុស្សាវរីយ៍ ៕

អត្ថបទដែលជាប់ទាក់ទង